(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បទបញ្ជាឲ្យអភិបាលខណ្ឌ ចៅសង្កាត់ទាំងអស់ ត្រូវចុះកាយសំរាមតាមមាត់លូក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបើកចរន្តផ្លូវទឹកហូរទៅកាន់ប្រឡាយ លូ អាងស្តុបទឹក ដើម្បីធ្វើយ៉ាងណាដោះស្រាយកុំឲ្យទឹកជន់ហូរមិនទាន់ ខណៈរដូវវស្សាបានឈានមកដល់ ហើយនាប៉ុន្មានថ្ងៃមុននេះ ពោលគឺក្រោយមានភ្លៀងធ្លាក់មួយមេ ពីរមេធំៗ កន្លងមកនេះគេបានឃើញតំបន់មួយចំនួនបានកកស្ទះដោយសំរាម។

ក្នុងកិច្ចប្រជុំពាក់ព័ន្ធវិធានការដោះស្រាយបញ្ហាលូ ប្រឡាយ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង បានលើកឡើងថា តំបន់មួយចំនួន ដែលទទួលរងការលិចលង់ ដោយទឹកជំនន់ដោយសារតែ ប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំង រហូតដល់កំពស់ទឹក១០៥មីល្លីម៉ែត្រ ដែលធ្វើឲ្យតំបន់មួយចំនួនមានការលិចលង់។

អភិបាលរាជធានីភ្នំពេញ បានអះអាងថា ការលិចលង់នេះ គឺផ្ដើមចេញពីមូលហេតុមួយចំនួនផងដែរ ដូចជាការរំលោភយកប្រឡាយ ការទុកដាក់សំរាមមិនបានល្អ ធ្វើឲ្យសំរាមហូរចូលទៅក្នុងប្រឡាយ លូជាដើម។ ជុំវិញបញ្ហានេះ លោកប្រាប់អភិបាលខណ្ឌ ចៅសង្កាត់ ត្រូវចុះផ្ទាល់ដល់ទីតាំងប្រឈម នៅពេលមានភ្លៀងធ្លាក់ម្ដងៗ គឺទៅធ្វើសកម្មភាពកាយសំរាមចេញពីលូ ប្រឡាយ ដើម្បីធ្វើយ៉ាងណាឲ្យទឹកអាចហូរបានលឿន។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការទុកដាក់សំរាមមិនបានល្អ បណ្ដាលឲ្យហូរចូលទៅក្នុងប្រឡាយ លូនេះ ជាវិធានការចំពោះមុខ អាជ្ញាធររាជធានីភ្នំពេញ និងធ្វើការផាកពិន័យ ចំពោះប្រជាពលរដ្ឋដែលទុកដាក់សំរាមមិនបានត្រឹមត្រូវ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មុននៃការអនុវត្តនូវវិធានការផាកពិន័យនេះ ក្នុងនាមយើងជាអាជ្ញាធរត្រូវសម្អាតខ្លួនប្រាណ ឲ្យបានល្អជាគំរូដល់ប្រជាពលរដ្ឋជាមុនសិន។

បើតាមលោក ឃួង ស្រេង បញ្ហាសំរាម បញ្ហាការលិចលង់ គឺជារឿងទាំងអស់គ្នា ទាំងប្រជាពលរដ្ឋ និងអាជ្ញាធរ ដូច្នេះយើងត្រូវរួមគ្នាសហការគ្នា ដើម្បីធ្វើកិច្ចការងារនេះ បើសិនគ្មានការចូលរួមពីប្រជាពលរដ្ឋទេ យើងក៏មិនអាចអនុវត្តការងារនេះ បានជោគជ័យដែរ។

លោកបញ្ជាក់ទៀតថា កិច្ចប្រជុំខាងលើនេះ ធ្វើឡើងដើម្បីឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ដូចជាមន្ត្រីជំនាញសាធារណការលើកឡើង ពីបញ្ហាប្រឈមពិភាក្សារួមគ្នា ដើម្បីដោះស្រាយ ធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញ លែងលិចលង់ដោយជំនន់ទឹកភ្លៀង ហើយជាទិសដៅចំពោះមុខ នៅក្នុងរដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញ និងកំណត់ទីតាំងដែលប្រឈមនៃការលិចលង់ខ្លាំងជាងគេ ដើម្បីយើងនឹងអាចដាក់ស្ថានីយមួយនៅទីតាំងនោះ ដើម្បីបូមទឹកចេញភ្លាមៗតែម្ដង៕