(កំពង់ធំ)៖ ស្ដែងចេញពីការគិតគូរលើបញ្ហរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដែលតែងតែកើតមានជាប្រចាំនោះ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងប្រធានក្រុមការងារចុះជួយ ស្រុកប្រាសាទបល្ល័ង្ក បានបន្តណែនាំដល់មន្ត្រីរាជការ ក៏ដូចជាក្រុមការងារមូលដ្ឋាន ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានពេញចិត្ត និងរហ័សទាន់ពេល ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមើល ឃើញពីការខិតខំ របស់រាជរដ្ឋាភិបាល។

លោក ជា អឿង បានលើកឡើងបែបនេះ ក្នុងការសំណេះសំណាលជាមួយនិងមន្ត្រីមូលដ្ឋាន និងដាក់ផែនការបន្ត ក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋាននានា របស់រាជរដ្ឋាភិបាលដល់ប្រជាលរដ្ឋ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ សកម្មភាពនេះ ធ្វើឡើងនារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញ។

ក្នុងនោះ លោក ជា អឿង បានណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋានពង្រឹងនូវការងារ និងបង្កើននូវធនធានមនុស្ស ឱ្យតែមានប្រសិទ្ធភាព ក្នុងការជួយដោះស្រាយបញ្ហា និងបម្រើសេវាសាធារណជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពរហ័សទាន់ពេលវេលា និងមានតម្លាភាព។ លើសពីនេះ ក្រុមការងារក៏ត្រូវចុះជួបជាមួយប្រជាពលរដ្ឋបានញឹកញាប់ ដើម្បីជួយដោះស្រាយ និងប្រឹក្សារាល់បញ្ហាដែលប្រជាពលរដ្ឋជួបប្រទះផងដែរ។ ហើយបងប្អូនត្រូវមានអនាម័យ ជាពិសេសការលាងសម្អាតដៃជាប្រចាំពេលចេញពីបង្គន់ មុនហូបចំណីអាហារ បរិភោគទឹកស្អាត និងបន្ទោសបង់ក្នុងបង្គន់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងកូវីដ-១៩ថ្មីនេះ ត្រូវបង្កើនអនាម័យសុខភាពរស់នៅ ឱ្យបានល្អ គឺត្រូវពាក់ម៉ាស ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ, ទឹកអាល់កុលជាដើម។

លោកបន្តថា សមិទ្ធផលជាច្រើនសន្ធឹកសន្ធាប់ ជាស្នាដៃរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានការរីកចម្រើន លើគ្រប់វិស័យនៅគ្រប់ទីកន្លែង។

លោក ជា អឿង បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ ជាពិសេស គឺបានរំដោះប្រទេសផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបានស្វែងរកសន្តិភាពជូនជាតិកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ រួបរួមគ្នាខ្មែរក្រោមដំបូលតែមួយ និងបានការពារសន្តិភាពបានពេញលេញយ៉ាងពិតប្រាកដ ដោយមិនឱ្យមានសង្រ្គាម តាមរយៈបដិវត្តពណ៌នៅកម្ពុជាជាដាច់ខាត។ ក្នុងនោះលោកក៏បានឧបត្ថម្ភនូវថវិកា ១លានរៀលផងដែរ៕