(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីផ្ទុះអាវុធនៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចខាងក្រោយវត្តឧណ្ណាឡោម គឺជាករណីដេញបង្ក្រាបជនសង្ស័យប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា កាលពីថ្ងៃទី៨ ខែមិថុនា វេលាម៉ោង០៣ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យ០២នាក់រួមមាន៖
*ទី១៖ ឈ្មោះ សុវណ្ណ វិខៃ អាយុ២៣ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិព្រៃសង្គម ឃុំច្រស ស្រុកមេសាង ខេត្តព្រៃវែង
*ទី២៖ ឈ្មោះ ប៊េត សំបូរ អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិព្រៃសង្គម ឃុំច្រស ស្រុកមេសាង ខេត្តព្រៃវែង។ សមត្ថកិច្ចបានដកហូតម៉ូតូ០១គ្រឿង ម៉ាកលែត ពណ៌ក្រហម ពាក់ស្លាកលេខព្រៃវែង 1G-6107។
បើតាមលោក សាន សុខសីហា មុនពេលកើតហេតុ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការល្បាតដល់ចំណុចកើតហេតុ បានឃើញជនសង្ស័យ ០២នាក់ ជិះម៉ូតូ០១ គ្រឿងឌុបគ្នា ដោយមានការសង្ស័យ កម្លាំងល្បាតបានហៅជនសង្ស័យឲ្យឈប់ តែជនសង្ស័យមិនព្រមឈប់ និងបានធាក់ម៉ូតូសមត្ថកិច្ចដួលនៅតាមបណ្តោយផ្លូវ៥៩៨ រួចជនសង្ស័យ ក៏បានព្យាយាមជិះម៉ូតូគេចខ្លួនពីសមត្ថកិច្ច រហូតដល់ម្តុំខាងក្រោយវត្តឧណ្ណាឡោម សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។
កម្លាំងល្បាតយើងបានដេញតាមទាន់ជនសង្ស័យ ហើយជនសង្ស័យបានធ្វើការប្រតាយប្រតប់ជាមួយសម្ថតកិច្ច ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួននាំជនសង្ស័យទាំង០២នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋានគរបាលខណ្ឌសែនសុខតែម្តង។
ជនសង្ស័យទាំង២ បានសារភាពថា ពួកគេទាំង២ពិតជាបានចូលទៅទិញគ្រឿងនៅទីតាំងខាងលើមែន ពេលចេញមកវិញក៏ឃើញសមត្ថកិច្ច ដោយមានភាពភ័យខ្លាចក៏បានជិះរត់គេចពីសមត្ថកិច្ច ហើយក្រោយពិនិត្យទឹកនោម ក៏បានបញ្ជាក់ថា ពួកគេទាំង២គឺ មានវិជ្ជមានសារធាតុញៀន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕