(ភ្នំពេញ)៖ បច្ចុប្បន្ននេះវិបត្តិកូវីដ១៩ បាន និងកំពុងកើតឡើងធ្វើឲ្យអ្នករកស៊ីស្ទើរគ្រប់វិស័យជួបប្រទះនូវវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអ្នករកស៊ីលើវិស័យសណ្ឋាគារ ក៏កំពុងជួបវិបត្តិធ្ងន់ធ្ងរផងដែរ។

ដោយមើលឃើញនូវការលំបាកនេះ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការអនុគ្រោះផ្នែកពន្ធ ចំពោះវិស័យទេសចរណ៍ និងអាកាសចរណ៍ ចំនួន២ខែបន្ថែមទៀត ចាប់ពីខែមិថុនា ដល់ កក្កដា ឆ្នាំ២០២០។

ចំពោះការអនុគ្រោះផ្នែកពន្ធនេះ លោក ឌិន សុមេធារិទ្ធ អ្នករកស៊ីល្បីឈ្មោះក្នុងវិស័យសណ្ឋាគារ បានថ្លែងគោរពអរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយគាំទ្រដល់អ្នករកស៊ីក្នុងវិស័យទេសចរណ៍ ស្របពេលដែលប្រទេសកម្ពុជា និងពិភពលោក កំពុងជួបវិបត្តិជំងឺឆ្លងកូវីដ១៩នេះ។

ក្នុងកិច្ចសម្ភាសកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News លោក ឌិន សុមេធារិទ្ធ បានលើកឡើងថា «កំឡុងពេលនេះជាពេលដែលត្រូវយោគយល់គ្នាទៅរិញទៅមក ដើម្បីឲ្យគ្នាបានរស់ ព្រោះថាបច្ចុប្បន្ននេះជំងឺកូវីដ១៩ កំពុងវាយប្រហារ មកលើវិស័យទេសចរណ៍ និងវិស័យសណ្ឋាគារខ្លាំង ដែលធ្លាក់ចុះស្ទើរតែដល់ចំណុចសូន្យ។ ជាក់ស្ដែងក្នុងនាមខ្ញុំជាអ្នករកស៊ីលើវិស័យនេះ ខ្ញុំសូមឲ្យភាគីពាក់ព័ន្ធ ក្នុងវិស័យដែលប៉ះពាល់ដូចជា វិស័យទេសចរណ៍ វិស័យសណ្ឋាគារ និងវិស័យផ្សេងៗទៀត មានការសម្របសម្រួលរវាងម្ចាស់ និងអ្នកជួលស្របពេលស្ថានភាពកំពុងពិបាក»

លោកបានបន្ថែមថា «សូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលលោកតែងតែជួយគាំទ្រដល់អ្នករកស៊ី ពិសេសការអនុគ្រោះពន្ធ ដល់អ្នករកស៊ីលើវិស័យសណ្ឋាគារ ស្របពេលដែលប្រទេសកម្ពុជាយើង និងពិភពលោកកំពុងជួប វិបត្តិជំងឺឆ្លងកូវីដ១៩នេះ ក្នុងនោះខ្ញុំក៏ស្នើសុំដល់រាជរដ្ឋាភិបាលឲ្យមានកិច្ចអន្តរាគមន៍ពិសេស លើកញ្ចប់ហិរញ្ញប្បទានសម្រាប់វិស័យសណ្ឋាគារនេះ ដើម្បីតស៊ូក្នុងស្ថានភាពដ៏អាក្រក់ នៃវីបត្តិកូវីដ១៩ និងបន្ដឲ្យវិស័យនេះរស់បន្ដទៀត»

លោកបញ្ជាក់ថា ចាប់ពីពាក់កណ្ដាលខែកុម្ភៈមករហូតមកដល់ពេលនេះ ស្ថានភាពនៅមិនទាន់ល្អ ដែលហេតុនាំឲ្យប៉ះពាល់ ដល់គ្រប់វិស័យសណ្ឋាគារ ដោយមានសណ្ឋាគារមិនតិចទេដែលបានបិទទ្វារ ព្រោះការបិទទ្វារចំណេញជាងបើក។ ប៉ុន្តែសម្រាប់រូបលោកផ្ទាល់ លោកបន្តបើកសណ្ឋាគារទាំង២ទីតាំងរបស់ខ្លួន បើទោះខាងបង់១ខែ ប្រហែល៨ម៉ឺនដុល្លារក្តី។

លោកបញ្ជាក់ទៀតថា «សម្រាប់ខ្ញុំនៅបន្តបើកសណ្ឋាគារដដែល បើទោះបីជាខាតក៏ដោយ ព្រោះថាខ្ញុំជាសហគ្រិនដែលមានទំនួលខុសត្រូវម្នាក់ ទោះបីដឹងថាខាតបង់ ក៏ខ្ញុំនៅតែបន្ដបើក បើខ្ញុំបិទខ្ញុំក៏ប្រឈមនឹងការខាតបង់ដូចគ្នា។ កត្តាមួយវិញទៀតប្រសិនបើខ្ញុំបិទ តើបុគ្គលិកសណ្ឋាគារនឹងទៅជាយ៉ាងណា បើកំឡុងពេលនេះយើងមិនជួយគ្នា ក្នុងគ្រាលំបាក តើត្រូវទុកអ្នកលំបាកនោះចោល ឬយ៉ាងណា? ប៉ុន្តែចំពោះការបន្ដបើកសណ្ឋាគារនេះ ក៏មិនមានការកំណត់ថា បន្ដបើកបានរយៈពេល២-៣ខែខាងមុខទៀតឬយ៉ាងណា ព្រោះក្នុងកំឡុងពេលនេះមិនដឹងថា អាចទ្រាំបានយូរប៉ុណ្ណាទៀតនោះទេ ប្រសិនបើកូវីដ១៩នៅតែបន្តរយៈពេលយូរ សណ្ឋាគាររបស់ខ្ញុំច្បាស់ជាបន្ដបិទទ្វារ ដូចសណ្ឋាគារដទៃទៀតអីចឹងដែរ»

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ បានប្រកាសបន្តអនុគ្រោះផ្នែកពន្ធ ចំពោះវិស័យទេសចរណ៍ និងអាកាសចរណ៍ ចំនួន២ខែបន្ថែមទៀត។

វិធានការទាំងនេះ ធ្វើឡើងដើម្បីរក្សាលំនឹងអាជីវកម្ម និងជីវភាពកម្មករនិយោជិតដោយបញ្ជាក់ថា៖

១៖ វិធានការបន្តជួយវិស័យទេសចរណ៍៖

* បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្ត កំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ២ខែបន្ថែមទៀត ចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២០។

* បន្តអនុញ្ញាតឱ្យមិនបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាព (បសស) ក្នុងអំឡុងពេលព្យួរអាជីវកម្ម លើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ នៅក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ២០២១។

២៖ វិធានការជួយវិស័យអាកាសចរណ៍៖

* លើកលែងការបង់ពន្ធអប្បបរមា (Minimum tax) សម្រាប់រយៈពេល ២ខែបន្តទៀត ចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២០ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា៕