(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ បានព្រមានថា បើមានការចតល្មើសផ្លាកសញ្ញាចរាចរណ៍ ត្រូវតែស្ទូចយកមកផាកពិន័យនៅអធិការខណ្ឌ និងការិយាល័យចរាចរណ៍ផ្លូវគោក។

ការព្រមានរបស់លោកឧត្តមសេនីយ៍ឯក ស ថេត ធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅ ប្រចាំខែមិថុនា ដោយមានការចូលរួម ពីលោក-លោកស្រី ស្នងការរងជាច្រើនរូប នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ។

ក្នុងកិច្ចប្រជុំនេះ ឧត្តមសេនីយ៍ឯក ស ថេត បានណែនាំ និងសង្កត់ធ្ងន់ដល់ស្នងការរងទទួលដឹកនាំ តាមបណ្តាខណ្ឌទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ លើការដឹកនាំ ក្នុងការចុះរៀបចំ សណ្តាប់តាមដងផ្លូវ បើមានការចតល្មើសផ្លាកសញ្ញាចរាចរណ៍ ត្រូវតែធ្វើការស្ទូចយកមកផាកពិន័យ នៅអធិការខណ្ឌ និងការិយាល័យចរាចរណ៍ផ្លូវគោក។

ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់លោក-លោកស្រីស្នងការរងទាំងអស់ ឲ្យខិតខំបន្តក្នុងការចុះដឹកនាំតាមខណ្ឌ ដើម្បីធានាឲ្យបានសន្តិសុខសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ ផ្តល់សេវាសាធារណៈឲ្យបានល្អ និងឆាប់រហ័ស។

ឧត្តមសេនីយ៍ឯក ស ថេត បន្ដទៀតថា ជាពិសេសត្រូវយកចិត្តទុកដាក់ សិក្សាស្វែងយល់អំពីសុខទុក្ខរបស់មន្ត្រី ត្រូវរាយការណ៍ឲ្យបានលឿន ចំពោះមន្ត្រីណាដែលមានជំងឺ ជួបគ្រោះថ្នាក់ផ្សេងៗ ជាពិសេសបាត់បង់សមត្ថភាពការងារ។

ក្នុងកិច្ចប្រជុំនេះដែរ លោកស្នងការរងទទួលផែនសេនាធិការ ក៏បានអានរបាយការណ៍ប្រចាំខែឧសភា ដើម្បីឲ្យអង្គប្រជុំទាំងមូលបានជ្រាប ជាកិច្ចបន្ទាប់លោក-លោកស្រី ស្នងការរងទាំងអស់ ដែលទទួលការងារដឹកនាំតាមបណ្តាខណ្ឌទាំង១៤ បានមានមតិយោបល់ទាក់ទង ទៅនឹងការចុះអនុវត្តការងារ ពង្រឹងសន្តិសុខសុវត្ថិភាព ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ជាពិសេសគឺការចុះដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជូនប្រជាពលរដ្ឋ។

លោក-លោកស្រី ស្នងការរង ក៏បានផ្តល់ជាលទ្ធផល នៃការអនុវត្តការងារ ក៏ដូចជាការលើកយកបញ្ហាប្រឈមមួយចំនួន ដែលមន្ត្រីអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ នៅពេលយប់កំពុងតែប្រឈម ស្របពេលដែលអ្នកបើកបរមួយចំនួន បើកបរក្នុងល្បឿនលឿន ដែលអាចបង្កការគ្រោះថ្នាក់ដល់សមត្ថកិច្ច។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ស ថេត ក៏បានសរសើរដល់ លោក-លោកស្រី ស្នងការរងទាំងអស់ ដែលបានខិតខំប្រឹងប្រែង ក្នុងការចុះដឹកនាំកិច្ចការ បានយ៉ាងល្អ តាមបណ្តាខណ្ឌ ជាពិសេសបានដឹកនាំបានយ៉ាងល្អ ក្នុងការចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ឧត្តមសេនីយ៍ឯក ស ថេត បានកោតសរសើរដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ដែលតែងតែតាមដានខំមិនប្រជាពលរដ្ឋទាំងថ្ងៃយប់ និងសហការគ្នា បានយ៉ាងល្អ ជាមួយតាមបណ្តាខណ្ឌប៉ុស្តិ៍ ក្នុងការចុះចាត់វិធានការណ៍ និងដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស៕