(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំក្រុមការងាររៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង ប្រធាន អនុប្រធាន សមាជិក ក្រុមការងារ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

លោកសន្តិបណ្ឌិត សុខ ផល បានថ្លែងថា កិច្ចប្រជុំថ្ងៃនេះដើម្បីផ្លាស់ប្តូរគំនិតយោបល់ ព្រមទាំងប្រមូលផ្តុំគំនិត សម្រាប់រៀបចំរាយការណ៍ស្តីពីសេចក្តីព្រាងច្បាប់ វិសោធនកម្មច្បាប់លើការងារអន្តោសន៍ ដែលក្រុមការងារបានព្រាង និងឆ្លងជាបន្តបន្ទាប់ជូនសម្តេចក្រឡាហោម ស ខេង ដើម្បីសុំគោលការណ៍ណែនាំ ដោយកិច្ចប្រជុំជាមួយសម្តេចក្រឡាហោម នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។

ក្នុងកិច្ចប្រជុំនេះផងដែរ លោក ប៊ុន ហុន បានលើកឡើងថា បើគេគិតអំពីការធ្វើច្បាប់ គេអាចរៀបចំធ្វើវិសោធនកម្ម ដើម្បីឱ្យវាមានប្រវត្តិថាច្បាប់នេះមិនមែនជាច្បាប់ដែលទើបធ្វើថ្មីនោះទេ គឺជាច្បាប់ធ្វើបន្តពីឆ្នាំ១៩៩៤។ ចំណុចដែលទាក់ទងទៅនឹងការធ្វើវិសោធនកម្មនេះផងដែរ លោកឯកភាពតាមសន្តិបណ្ឌិត សុខ ផល ថា ត្រូវសុំគោលការណ៍នូវចំណុចសំខាន់ៗពីសម្តេចក្រឡាហោម ស ខេង ជាមុន។

សូមបញ្ជាក់ថា ច្បាប់នេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ធានាការគ្រប់គ្រងជនបរទេសគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីកំណត់អំពីវិធាន និងលក្ខខណសម្រាប់អនុវត្តចំពោះជនបរទេសចេញចូល ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ច្បាប់នេះត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូប លើកលែងតែក្នុងករណីដែលត្រូវអនុវត្តតាមវិធាននៃច្បាប់អន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជា ជាភាគីហត្ថលេខី ទោះបីជាជននោះបានចូលមកតាំងលំនៅ មុនពេលដែលច្បាប់នេះចូលជាធរមានហើយក៏ដោយ។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះជនបរទេសគ្រប់រូបដែល ចូលចេញ ឆ្លងកាត់ និងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា៕