(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត អតីតអនុប្រធានប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា តែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលជំនួសលោក កែ ប៊ុនខៀង។ នេះបើតាមសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ការតែងតាំងនេះ ធ្វើឡើងផ្អែកលើសមត្ថភាព និងសំណើរបស់គណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាល ក៏ដូចជាមតិរបស់គណអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា។ បច្ចុប្បន្នលោក ហ៊ុន ម៉ាណែត ក៏ជាសមាជិកអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជាផងដែរ។
ដោយឡែក លោក កែ ប៊ុនខៀង ដែលមានវ័យជាង៦០ឆ្នាំ ត្រូវបានសម្រួលការងារ ទៅកាន់តួនាទីចាស់របស់លោកជា អនុប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ នេះបើតាមការបញ្ជាក់របស់មន្រ្តីគណបក្សប្រជាជនកម្ពុជា៕