(ព្រៃវែង)៖ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះត្រួតពិនិត្យដំណើរការអនុវត្តអត្តសញ្ញាណកម្ម គ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេលកូវីដ១៩ នៅខេត្តព្រៃវែង អមដំណើរដោយលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី (Australia) ប្រចាំកម្ពុជា, Mr. Benjamin ឯកអគ្គរដ្ឋទូតរងសហភាពសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា, តំណាងអង្គការGIZ ព្រមទាំងអភិបាលរងខេត្ត អភិបាលស្រុកមេសាង ស្រុកបាភ្នំ អាជ្ញាធរមានមូលដ្ឋានពាក់ព័ន្ធ និង មន្ត្រីជំនាញទទួលបន្ទុកអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ ចូលរួមផងដែរ។
ក្នុងដំណើរចុះត្រួតពិនិត្យនេះ កិត្តិសេដ្ឋាបណ្ឌិត និងគណៈប្រតិភូ បានចុះពិនិត្យផ្ទាល់ទៅដល់លំនៅដ្ឋានគ្រួសារក្រីក្រ ដែលបានដាក់ពាក្យស្នើសុំ ក្នុងអំឡុងពេលកូវីដ១៩នេះ ដែលមានគ្រួសារធ្លាក់ខ្លួន ក្រីក្រដោយសារជំងឺប្រចាំកាយ គ្រួសារក្រីក្រដែលប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ក្នុងភូមិស្នាយបុណ្យ ភូមិត្រពាំងស្គន់ ភូមិព្រៃភ្ញៀម និងបានចុះសំណេះសំណាល វាយតម្លៃ ពិនិត្យផ្ទាល់លើការអនុវត្តជាក់ស្តែងរបស់ក្រុមប្រឹក្សាឃុំជីផុច ស្រុកមេសាង និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។
ឆ្លៀតក្នុងឱកាសចុះពិនិត្យផ្ទាល់នេះផងដែរ កិត្តិសេដ្ឋាបណ្ឌិត បានជួបពិភាក្សាដាច់ដោយឡែកជាមួយលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី។
អគ្គរដ្ឋទូតបានមានប្រសាសន៍ថា អូស្ត្រាលី មានចំណាប់អារម្មណ៍ គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញវិធានការណ៍ឆ្លើយតបដ៏មានប្រសិទ្ធភាព ចំពោះការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដែលជាក់ស្តែងយន្តការការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងកូវីដ១៩ ដែលបានអនុវត្តនាពេលនេះ គឺនឹងបានជួយដល់ប្រជាជន ក្រីក្រពិតប្រាកដ រួមនឹងប្រជាជនក្រីក្រដែលបណ្តាលមកពីជំងឺកូវីដ១៩ ទទួលបាន ការសម្រាកព្យាបាលជំងឺដោយឥតគិតថ្លៃ សេវាជំនួយសង្គមផ្សេងៗ ជាពិសេសទៅទៀតនោះគឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដែលរាជរដ្ឋាភិបាលនឹងអនុវត្តនាពេលខាងមុខ។
អគ្គរដ្ឋទូតបានបន្តថា អូស្ត្រាលី បានផ្តល់ថវិកាចំនួន៥០លានដុល្លារអូស្ត្រាលី ដើម្បីពង្រឹងប្រព័ន្ធសុខភាពសាធារណៈនៅកម្ពុជា។ ថវិកាទាំងនេះនឹងជួយកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ ជួយដល់ការថែទាំអ្នកជំងឺកូវីដ១៩ និងធានាថា ពលរដ្ឋកម្ពុជាបន្តទទួលបានសេវាសុខភាពសាធារណៈក៏ដូចជាបញ្ហាសុខភាពដទៃទៀតផងដែរ។ តាមរយៈគម្រោង H-EQIP និង IDPoor អូស្ត្រលីក៏បានផ្តល់លទ្ធភាពដល់ប្រជាជនកម្ពុជាក្រីក្រចំនួន២,៤លាននាក់ ឱ្យទទួលបានសេវាសុខភាពដោយឥតគិតថ្លៃ។
ជាការឆ្លើយតប លោកទេសរដ្ឋមន្រ្តី ឆាយ ថន បានថ្លែងនូវអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយដល់កម្ពុជាជាច្រើនកន្លងមក ជាពិសេសបានគាំទ្រ និងយកចិត្តទុកដាក់ជួយដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងផែនការ លើការអនុវត្តគម្រោងIDPoor។ លោកបានបន្តថា ក្រសួងផែនការ សហការជាមួយអង្គការGIZ ក្រោមការឧបត្ថម្ភគាំទ្រពីសហភាពសហព័ន្ធអាល្លឺម៉ង់ និងប្រទេសអូស្ត្រាលី នឹងអនុវត្តគម្រោង IDPoor នេះឲ្យសម្រេចបានជោគជ័យ ជូនរដ្ឋាភិបាលរបស់យើង ដើម្បីធានាថាមិនបោះបង់ចោលនរណាម្នាក់ឱ្យនៅឯការ ដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងជាទីបំផុត ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍។
កិត្តិសេដ្ឋាបណ្ឌិត និងឯកអគ្គរដ្ឋទូតអូស្ត្រាលី បានឯកភាពឱ្យមានការជួបពិភាក្សាការងារនាពេលបន្ទាប់ទៀតនៅពេលឆាប់ៗខាងមុខ ក្រោយបេសកកម្មចុះត្រួតពិនិត្យ វាយតម្លៃផ្ទាល់ លើការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេលកូវីដ១៩នាពេលនេះ៕