(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ បានថ្លែងដាស់តឿនដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងពល ត្រូវបន្តយកចិត្តទុកដាក់ការពារកុំឲ្យឆ្លងជំងឺកូវីដ១៩។
ក្នុងពិធីអប់រំផ្សព្វផ្សាយ និងគោរពទង់ជាតិនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ លោក ឈុំ ខេង បានថ្លែងថា «ជំងឺកូវីដ១៩ នៅតែជាជំងឺមួយ ដែលយើងទាំងអស់គ្នាត្រូវតែមានការប្រុងប្រយ័ត្ន»។
លោកបន្តថា រហូតមកដល់ថ្ងៃនេះ ជំងឺកូវីដ១៩ ហាក់ពុំមានការថមថយទាល់តែសោះ ខណៈនៅប្រទេសធំៗមួយចំនួនឆ្លងជំងឺនេះក្នុងមួយថ្ងៃៗ មានរហូតរាប់ពាន់នាក់ឯណោះ និងមានស្លាប់ជាបន្តបន្ទាប់។ ដោយឡែក សម្រាប់ប្រទេសកម្ពុជា រហូតមកដល់ថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២៦នាក់ និងបានជាសះស្បើយ ១២៤នាក់ នៅសល់តែ២នាក់ប៉ុណ្ណោះ ពិសេសមិនមានអ្នកស្លាប់នោះទេ ហើយជំងឺនេះបានឆ្លងមកពីក្រៅប្រទេសទាំងអស់។
លោកឧត្តមសេនីយ៍ទោ ថ្លែងទៀតថា ការទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ ដោយសារការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវវិធានការនានាបានទាន់ពេលវេលា។
ក្នុងនាមមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ លោកឧត្តមសេនីយ៍ទោ ឈុំ ខេង បានធ្វើការផ្តាំផ្ញើដល់នាយទាហាន នាយទាហានរងដែលមានឈ្មោះត្រូវចូលនិវត្តន៍ ក្នុងឆ្នាំ២០២០ ពេលត្រឡប់ទៅលំនៅដ្ឋានវិញ ត្រូវខិតខំថែរក្សាសុខភាព និងខិតខំប្រកបមុខរបរផ្សេងៗដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។
លោកថ្លែងថា ការចូលនិវត្តន៍ជារឿងមួយចៀសមិនផុតនោះទេ គ្រាន់តែមុន និងក្រោយប៉ុណ្ណោះ។ ដើម្បីលើកទឹកចិត្តដល់នាយទាហាន នាយទាហានរងដែលត្រូវចូលនិវត្តន៍ អង្គភាពបានអនុញ្ញាតិច្បាប់ឲ្យឈប់សម្រាកមុនរយៈពេល ៣ខែ ដើម្បីមានឱកាសជួបជុំសប្បាយជាមួយក្រុមគ្រួសារ៕