(ភ្នំពេញ)៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានអញ្ជើញសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ទៅទស្សនកិច្ចនៅប្រទេសរបស់ខ្លួន ក្នុងពេលវេលាសមស្របណាមួយខាងមុខនេះ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែរឹងមាំថែមទៀត។ នេះបើតាមលោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេច ហេង សំរិន។
ការអញ្ជើញនេះ បានបង្ហាញឡើងតាមរយៈលោក Ermenegildo “Kupa” Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ទីម័រខាងកើតប្រចាំកម្ពុជា ក្នុងឱកាសដែលលោក ត្រូវបានសម្តេច ហេង សំរិន អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។
បើតាមលោក កែវ ពិសិដ្ឋ, លោកឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះការរីកចម្រើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅកម្ពុជា និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលមានវិធានការយ៉ាងល្អប្រសើរ ក្នុងការបង្ការការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។ នៅចំពោះមុខសម្តេច ហេង សំរិន, លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះឆន្ទះគាំទ្រយ៉ាងពេញទំហឹងដល់ប្រទេសរបស់លោក ឲ្យក្លាយជាសមាជិកទី១១ របស់សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។
«លោកឯកអគ្គរដ្ឋទូត បានអញ្ជើញសម្តេចប្រធាន (ហេង សំរិន) ទៅធ្វើទស្សនកិច្ចនៅទីម័រខាងកើត ក្នុងពេលវេលាសមស្របនៅពេលខាងមុខ»។ នេះបើតាមការបញ្ជាក់ របស់លោក កែវ ពិសិដ្ឋ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ពីលទ្ធផលនៃជំនួបនេះ។
ក្នុងឱកាសនោះ សម្តេច ហេង សំរិន បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍ ចំពោះលោក Ermenegildo “Kupa” Lopes ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា។ សម្តេចរំលឹកថា កម្ពុជា និងទីម័រខាងកើត បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅឆ្នាំ២០០២ បន្ទាប់ពីប្រទេសមួយនេះ បានឯករាជ្យពេញលេញ ហើយថ្នាំដឹកនាំប្រទេសទាំងពីរ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែល្អប្រសើរផងដែរ។
សម្តេចប្រធានរដ្ឋសភា ក៏បានបញ្ជាក់បន្ថែមថា បេសកកម្មករបស់លោកឯកអគ្គរដ្ឋទូត ពិតជាមានសារៈសំខាន់ណាស់ ចំពោះប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែរឹងមាំថែមទៀត។ សម្តេចថែមទាំងបានជំរុញទីម័រខាងកើត ឲ្យបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែស៉ីជម្រៅ ជាពិសេសលើវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម វិនិយោគ ដើម្បីផលប្រយោជន៍ទាំងសងខាង៕