(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលថវិកា ពីសប្បុរសជនទូទាំងខេត្ត នៅសាលប្រជុំសាលាខេត្ត។
ក្នុងពិធីនោះ គេសង្កេតឃើញមានវត្តមានអភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់ទាំងបីប្រភេទ អភិបាលក្រុង/ស្រុកទាំង៨ ព្រមជាមួយអាជីវករជាសប្បុរសជនមួយចំនួនផងដែរ។
លោកអភិបាលខេត្ត ថ្លែងក្នុងពិធីទទួលថវិកានេះថា បន្ថែមលើថវិកាដែលកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺមានស្រាប់ ថវិកាប្រមាណជាង ៦៧លានរៀល និងជាង ៦ម៉ឺនដុល្លារ ត្រូវបានទុកត្រៀមសម្រាប់ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ។
លោកបន្តថា ថវិកាដែលទទួលបាននៅថ្ងៃនេះ គឺជាទឹកចិត្តដ៏មហាសប្បុរសរបស់មន្ត្រីរាជការ និងក្រុមអាជីវករ ខណៈដែលប្រទេសជាតិកំពុងជួបវិបត្តិនៃជំងឺរាតត្បាត កូវីដ-១៩ នៅតែបន្តគាំទ្រដល់កាកបាទក្រហមបន្ថែមទៀត។ ទឹកចិត្តនេះ ថែមទាំងបានបង្ហាញពីសាមគ្គីភាព ឯកភាពគ្នាលើកកម្ពស់ដល់កិច្ចគាំពារ កុមារកំព្រា ជនរងគ្រោះ និងជនងាយរងគ្រោះ ចាស់ជរា ស្ត្រីមេម៉ាយ ដែលជួបការខ្វះខាតរងចាំការជួយ ពីកាកបាទក្រហម។
ថ្លែងដោយក្តីសង្ឃឹម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានលើកឡើងថា ដើម្បីខេត្តកំពង់ស្ពឺ លោកឧញ៉ា អស់លោក លោកស្រី និងបន្តការគាំទ្រកាកបាទក្រហមកម្ពុជាមិនថានៅទីណា កន្លែងណា រួមគ្នាកិច្ចការសប្បុរសធម៌ទាំងអស់គ្នា។
នៅរសៀលនេះដែរ ក្រុមការងារទទួលថវិកាពីសប្បុរសជន នៅមិនទាន់អាចបូកសរុប ចំនួនថវិកាបាននៅឡើយទេ៕