(ព្រះវិហារ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យរួមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនឈាម និងគ្រុនចាញ់ នៅក្នុងរដូវវស្សានេះ។
ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យ បង្អែកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានបណ្តោយប្រវែង ៣៧.៥ម៉ែត្រ ទទឹង១៨ម៉ែត្រ កម្ពស់២ជាន់ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ។
ជំងឺគ្រុនឈាមអាចកើតលើមនុស្សគ្រប់វ័យ វាបង្កឡើងដោយសត្វមូសខ្លាញីខាំបឺតឈាមចម្លង មេរោគគ្រុនឈាម ពីមនុស្សម្នាក់ទៅម្នាក់ទៀត។ សត្វមូសខ្លា បង្កើតកូនចៅនៅក្នុងទឹកថ្លា ស្អាត និងចូលចិត្តរស់នៅជិតមនុស្ស ហើយសត្វមូសខ្លាចូលចិត្តពងបង្កើតកូនចៅ នៅក្នុងសម្បកកង់ឡាន និងសម្បកកង់ម៉ូតូចាស់ៗ វត្ថុដក់ទឹកសម្រាប់ប្រើប្រាស់ផ្សេងៗ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា «ដើម្បីការពារសុខភាពចៀសផុតពីការឆ្លងជំងឺគ្រុនឈាម ដោយសារសត្វមូសខ្លាញីខាំឲ្យកាន់តែមានប្រសិទ្ធភាពនោះ ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវអនាម័យជុំវិញគេហដ្ឋាន កុំឲ្យមានជម្រកមូសខ្លា។ មូសខ្លាខាំនៅពេលថ្ងៃ ដូច្នេះ អំឡុងពេលថ្ងៃ គឺចាំបាច់ត្រូវស្លៀកសំលៀកបំពាក់មានដៃវែងជើងវែង សម្រាន្តក្នុងមុងជាប្រចាំ ទាំងថ្ងៃ ទាំងយប់ និងមិនត្រូវអង្គុយលេងនៅជិតទីកន្លែងងងឹតៗនោះទេ»។
លោកថ្លែងបន្ដថា «ចំពោះជំងឺគ្រុនចាញ់ ចម្លងដោយមូសដែកគោលញី សូមអំពាវនាវដល់ពលរដ្ឋត្រូវយកចិត្តទុកដាក់ការពារ ធ្វើយ៉ាងណាកុំឱ្យមូសដែកគោលញីខាំ ពិសេសប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារ និងប្រជាជនចល័តចូលទៅក្នុងព្រៃ គឺត្រូវដេកនៅក្នុងមុងជ្រលក់ថ្នាំជានិច្ច ជាពិសេសនៅពេលយប់ ជាពេលដែលមូសដែកគោលញីខាំ ឱ្យកើតជាជំងឺគ្រុនចាញ់»។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានស្នើដល់ពលករខ្មែរ ដែលត្រលប់ពីប្រទេសថៃ «សូមកុំឆ្លងដែនទៅប្រទេសថៃ អាចឆ្លងជំងឺកូវីដ១៩ ហើយបើថៃបិទច្រក មិនឲ្យចូលនោះ អាចនៅក្បែរៗព្រំដែន ដែលសម្បូរទៅដោយព្រៃភ្នំ ងាយនឹងកើតជំងឺគ្រុនចាញ់ផងដែរ, ដូច្នេះ សូមបងប្អូនពលករយើង បង្កើតមុខរបរនៅផ្ទះសិនទៅ»។
លើសពីនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា ប្រសិនបើមានការសង្ស័យកើតជំងឺគ្រុនចាញ់ ត្រូវប្រញាប់ស្វែងរកសេវាធ្វើតេស្តឈាម នៅមូលដ្ឋានសុខាភិបាលសាធារណៈ ឲ្យបានឆាប់រហ័ស ដែលនៅជិតបំផុត តាមរយៈអ្នកស្ម័គ្រចិត្តភូមិ មណ្ឌលសុខភាព និងមន្ទីរពេទ្យ ដើម្បីពិនិត្យព្យាបាលជំងឺគ្រុនចាញ់ទាន់ពេលវេលា និងជំរុញដល់មន្ដ្រីខេត្តទាំងអស់ ត្រូវរួមសហការគ្នា ជាពិសេសមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរដែនដី និងអង្គការដៃគូសុខាភិបាល ក្នុងខេត្តនីមួយៗចាំបាច់ត្រូវអនុវត្តផែនការយុទ្ធសាស្រ្តជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានលុបបំបាត់គ្រុនចាញ់ ឱ្យខានតែបាននៅឆ្នាំ២០២៥៕