(ភ្នំពេញ)៖ សមាគមសិស្សនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត (AMT) បានធ្វើកម្មវិធីសង្គហធម៌ជាមួយកុមារកំព្រាចំនួន ៧០នាក់ នៅមណ្ឌលកុមារកំព្រាកុលាប៤ ក្រោមការចូលរួមលោក ចាន់ បណ្ឌិត តំណាងលោក ឡាវ វ៉ាន់ ប្រធានក្រុមការងារទី២ នៃសមាគម AMT ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននីតិសម្បទារាជធានីភ្នំពេញ និងប្រធានមណ្ឌលកុមារកំព្រាកុលាប៤ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ផងដែរ។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះសមាគម AMT និងសមាគម TYDA ដែលបានយកចិត្តទុកដាក់គិតគូរពីសុខមាលភាពរបស់កុមារ នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាកុលាប៤។
លោក ចាន់ បណ្ឌិត បានលើកឡើងថា សមាគម AMT សហការជាមួយសមាគម TYDA ធ្វើសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌តាមរយៈការអប់រំសុខភាពដើម្បីបង្ការជំងឺកូវីដ-១៩ ការដល់ជូននូវគ្រឿងឧបភោគ បរិភោគ សម្ភារសិក្សាជូនដល់ក្មួយៗកុមារកំព្រា ដែលសកម្មភាពនេះបានទទួលការយកចិត្តទុកដាក់ពីសំណាក់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងក្រុមការងារ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលកុមារកំព្រាកុលាប៤ មានតួនាទីគ្រប់គ្រងចិញ្ចឹមបីបាច់ថែរក្សា អប់រំផ្លូវកាយ និងផ្លូវចិត្ត អប់រំសីលធម៌រស់នៅ អនាម័យទូទៅ និងបញ្ជូនកុមារទៅរៀននៅសាលារដ្ឋ ហើយកុមារសរុបចំនួន ៧៧នាក់ កំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់មណ្ឌលនេះ៕