(មណ្ឌលគិរី)៖ សត្វឈ្លូសឈ្មោលជំទង់ដ៏ល្អមួយក្បាល ត្រូវបានគេព្រលែងឱ្យត្រលប់ទៅទីជម្រកធម្មជាតិរបស់វាវិញ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលជាតំបន់ការពារស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងការគាំទ្រដោយអង្គការ WWF។
កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅនេះ ពលរដ្ឋសហគមន៍មូលដ្ឋានម្នាក់ រស់នៅក្នុងស្រុកពូជ្រៃនៃខេត្តមណ្ឌលគិរី បានរាយការណ៍ជូនកម្លាំងអនុវត្តច្បាប់នៃមន្ទីរបរិស្ថានខេត្តថា ខ្លួនបានប្រទះឃើញសត្វឈ្លូសមួយក្បាលដែលទំនង ជាឈឺ ឬរងរបួសនៅទីតាំងភូមិ ដែលមានព្រំប្រទល់ជាប់នឹងតំបន់ព្រៃធម្មជាតិ។
លោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា បន្ទាប់ពីគេបានពិនិត្យ និងវិភាគស្ថានភាពសុខភាពសត្វឈ្លូសនេះហើយ គេបានផ្តល់ការព្យាបាល និងថែរក្សាវាបានយ៉ាងសមស្រប កាលពីក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ ដើម្បីជួយសង្គ្រោះវាពីការចុះខ្សោយកម្លាំងខ្លាំង និងការរងសំពាធ ដែលបណ្តាលមានកម្រិតស្ត្រេសខ្ពស់ (myopathy)។
បើតាមលោក នេត ភក្ត្រា, បន្ទាប់ពីបានចុះទៅដល់ទីតាំងផ្ទាល់ ហើយបានទទួលយកសត្វឈ្លូសនោះពីអ្នករាយការណ៍ ក្រុមអនុវត្តច្បាប់នៃមន្ទីរបរិស្ថាន និងបុគ្គលិកអង្គការ WWF បានពិនិត្យ និងវិភាគបឋមភ្លាមៗ ដោយមានការចូលរួមជ្រោមជ្រែងយ៉ាងសកម្ម ពីអ្នកជំនាញពេទ្យសត្វ មកពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទផងដែរ។ បន្ថែមពីលើនេះទៀត ក្រុមការងារក៏បានប្រឹក្សាយោបល់ វេជ្ជសាស្រ្តជាមួយអ្នកជំនាញ មកពីមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ និងក្រុមភ្នាក់ងារពេទ្យសត្វផ្សេងទៀតផងដែរ។
ជាលទ្ធផល ក្រុមអ្នកជំនាញបានសន្និដ្ឋានថា សត្វឈ្លូសមួយនេះខ្សោះជាតិទឹកខ្លាំង និងមានកម្រិតស្ត្រេសខ្ពស់ តែមិនមានរងរបួសអ្វីទេ។ ដូច្នេះក្រុមការងារបានផ្តល់អាហារ និងទឹកដល់វា ព្រមទាំងបានផ្តល់ការព្យាបាលចាំបាច់នានា និងការថែទាំបន្តជាប់ជាប្រចាំ រហូតដល់អ្នកជំនាញបានបញ្ជាក់ថា សត្វឈ្លូសនេះមានសុខភាពប្រសើរឡើងវិញ និងមានលទ្ធភាពអាចវិលត្រលប់ទៅក្នុងព្រៃវិញបាន៕