(មណ្ឌលគិរី)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានជំរុញឲ្យមន្រ្តី នៃមន្ទីរសុខាភិបាល និងអាជ្ញាធរទូទាំងខេត្តមណ្ឌលគិរី ត្រូវទទួលខុសត្រូវ រួមសហការគ្នាដើម្បីធ្វើការទប់ស្កាត់ កុំឲ្យកើតមានការឆ្លងជំងឺកូវីដ១៩ ដែលជារលកទី២ នៅក្នុងខេត្តនេះ។
ការជំរុញបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកស្រី និង Dr. Ailan Li ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា អញ្ជើញបើកកិច្ចប្រជុំមួយ ដែលមានការចូលរួមពីអង្គការដៃគូជាតិ និងអង្គការអន្តរជាតិ មន្រ្តីនៃមន្ទីរសុខាភិបាល ព្រមទាំងក្រុមវេជ្ជបណ្ឌិតជាច្រើនរូប នារសៀលថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងខេត្តមណ្ឌលគីរី។
បន្ថែមលើនេះទៅទៀត លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ខេត្តមណ្ឌលគិរី គឺជាគោលដៅទេសចរណ៍មួយយ៉ាងសំខាន់ ប្រចាំភាគឥសាននៃប្រទេសកម្ពុជា ដែលសព្វថ្ងៃ ខេត្តមួយនេះ ត្រូវបាននិងកំពុងមានលំហូរចូលភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ហើយអ្នកទេសចរជាច្រើន ដែលកំពុងសម្រុកចូលមកលេងនៅខេត្តនេះ មានការធ្វេសប្រហែស ដោយពុំបានពាក់ម៉ាស ឲ្យបានត្រឹមត្រូវនោះទេ។ កត្តានេះហើយ ដែលលោកស្រីបានធ្វើការអំពាវនាវដល់ភ្ញៀវចូលមកកម្សាន្តទីនេះក្តី និងទីផ្សេងៗក្តី កុំលែងដៃ ឬធ្វេសប្រហែសឲ្យសោះ។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា «ចូរយើងកុំភ្លេចកូវីដ១៩ ព្រោះកូវីដ១៩ មិនភ្លេចយើងទេ»។
សូមជម្រាបថា ក្នុងគោលបំណងចម្បង គឺបេសកកម្មរបស់លោកស្រី ឱ វណ្ណឌីន និង Dr. Ailan Li ទាក់ទងនឹងការជំរុញក្នុងការទប់ស្កាត់ ការផ្ទុះឡើងរលកទី២ នៃជំងឺកូវីដ១៩ និងកំចាត់គ្រុនចាញ់ ក្នុងខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវ និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ កុំភ្លេចការធ្វើអនាម័យឲ្យបានត្រឹមត្រូវ ដោយលាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ដោយអាល់កុល ឬជែល ពាក់ម៉ាសឲ្យបានត្រឹមត្រូវ ការអនុវត្តគម្លាតបុគ្គល និងសង្គមឲ្យបានល្អប្រសើរ។
លោកស្រី ថែមទាំងបានផ្តាំផ្ញើដល់មន្រ្តីជំនាញសុខាភិបាល និងអាជ្ញាធរ ឲ្យណែនាំចំពោះម្ចាស់ ភោជនីយដ្ឋាន តាមរមណីយដ្ឋាន ផ្ទះសំណាក់ អូតែល ឲ្យមានការធ្វើអនាម័យឲ្យបានល្អជាប្រចាំ តាមការណែនាំពីមន្រ្តីសុខាភិបាល និងអាជ្ញាធរ ជាពិសេសតម្រូវឲ្យមានការចូលរួមសហការពីសហគមន៍ផងដែរ៕