(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទំាងប្រទេស បន្ដប្រុងប្រយ័ត្នខ្ពស់ និងកុំប្រារព្វ ឬទៅកម្មវិធីជួបជុំណា ដែលមានមនុស្សច្រើន ចោទជាបញ្ហា បណ្ដាលឱ្យមានការចម្លងជំងឺកូវីដ១៩ (COVID-19) ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដោយមិនដឹងខ្លួន។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ដោយបច្ចុប្បន្ននេះ នៅកម្ពុជាយើង មានករណីឆ្លងចំនួនតិច និងគ្មានករណីស្លាប់ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើង មិនភ័យខ្លាច និងធ្វេសប្រហែសចំពោះជំងឺកូវីដ១៩ ទាំងជំងឺនេះមិនភ្លេចបងប្អូនយើងឡើយ គឺវាកំពុងតែនៅជុំវិញប្រទេសយើង និងនៅលើសកលលោក ដែលបន្ដរាតត្បាតយ៉ាងសាហាវ រាប់លាននាក់ និងស្លាប់ជាច្រើនម៉ឺននាក់ផងដែរ»។
ដូច្នេះហើយសូមអំពាវនាវឱ្យប្រជាពលរដ្ឋយើង បន្ដប្រុងប្រយ័ត្ន ព្រោះថាជំងឺកូវីដ១៩នៃ វាមិនទាន់បញ្ចប់នោះទេនៅលើសកលលោក ចប់លុះត្រាតែមានវ៉ាក់សាំង និងថ្នាំព្យាបាល ។
ការថ្លែងបែបនេះរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យ បង្អែកជាំក្សាន្ត ខេត្តព្រះវិហារ និងចុះពិនិត្យសម្ធិផលការងារមន្ដ្រីសុខាភិបាល នៅមណ្ឌលសុខភាពស្រអែម នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។
ជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ រួមគ្នាអនុវត្ដការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការការពារ ទប់ស្កាត់ ប្រឆាំងនឹងជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល ដែលមានជារួម៖ ការអនាម័យដៃ និងខ្លួនប្រាណស្អាត, ប្រើម៉ាស ឬក្រមា នៅពេលចាំបាច់, រក្សាគម្លាតបុគ្គល និងសង្គម ជាពិសេស សូមកុំប្រារព្វពិធីជួបជុំណាដែលមានមនុស្សច្រើន ដែលអាចបង្កឱ្យមានការចម្លងជំងឺកូវីដ១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
សូមជម្រាបថា ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៧.១លាននាក់ ស្លាប់ជាង ៤០ម៉ឺននាក់ និងជាសះស្បើយជាង៣.៥លាននាក់។ សម្រាប់អ្នកជំងឺកូវីដ១៩នៅកម្ពុជា សរុប១២៦នាក់ ដោយគ្មានករណីស្លាប់ និងជាសះស្បើយ១២៤នាក់ នៅសល់អ្នកជំងឺពីរនាក់ទៀត កំពុងសម្រាកព្យាបាល៕