(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ បានពន្យល់យ៉ាងក្បោះក្បាយ អំពីគោលការណ៍រឹតត្បិត នៃការនាំចូលសត្វជ្រូករស់មកកម្ពុជា។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ការកាត់បន្ថយការនាំចូលជ្រូក ចូលមកកម្ពុជានេះ អនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីឲ្យមានការបង្កើនសមត្ថភាពនៃការចិញ្ចឹមក្នុងស្រុក កាន់បន្ថយការនាំចូល។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់ពិធីចុះហត្ថលេខា លើពិធីប្តូរសារនាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិនដោយផ្ទាល់ លោករដ្ឋមន្ត្រី វេង សាខុន លើកឡើងពីការអនុវត្តន៍ច្បាប់ ដោយលុបចោលគោលការណ៍នាំចូលជ្រូក ចំពោះក្រុមហ៊ុនដែលល្មើសច្បាប់ផងដែរ។
តាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី ក្នុងមួយថ្ងៃៗកម្ពុជាមានតម្រូវការសត្វជ្រូកប្រមាណ១ម៉ឺនក្បាល ក្នុងនោះការចិញ្ចឹមក្នុងស្រុក គឺមានលទ្ធផលផ្គត់ផ្គង់រហូតដល់៥៨០០ក្បាលក្នុង១ថ្ងៃ ដោយអនុញ្ញាតឲ្យមានការនាំចូលពី៦ពាន់-៧ពាន់ក្បាល ដល់ក្រុមហ៊ុនចំនួន៧ ដោយប្រើប្រាស់វិធានការឃ្លាំមើល ប្រសិនបើមានក្រុមហ៊ុនណាប្រព្រឹត្តបទល្មើស នឹងកាត់បន្ថយការនាំចូល។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ការអនុវត្តន៍បង្ក្រាបបទល្មើសរបស់ក្រសួងកសិកម្ម ដើម្បីជៀសវាងនូវបញ្ហានាំជំងឺចូល ដែលនាំឲ្យប៉ះពាល់យ៉ាងធំធេង ដល់ការចិញ្ចឹមក្នុងស្រុក។
លោករដ្ឋមន្ត្រីបន្ថែមថា ក្រសួងក៏កំពុងពិចារណា ក្នុងកាត់បន្ថយនាំចូលជ្រូកបន្តទៀតផងដែរ ដោយគ្មានផែនការបន្ថែមការនាំចូលនោះទេ ដើម្បីលើកកម្ពស់ការចិញ្ចឹមក្នុងស្រុក៕