(ភ្នំពេញ)៖ អាជ្ញាធរខេត្តព្រះសីហនុ នឹងសាងសង់បន្ទប់ទឹកសាធារណៈ និងកន្លែងងូតទឹកសម្អាតខ្លួន ចំនួន២០ទីតាំង នៅតាមបណ្ដោយឆ្នេរដែលទើបរំដោះបាន ប្រមាណ៩គីឡូម៉ែត្រ ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យភ្ញៀវទេសចរប្រើប្រាស់ ដោយមិនគិតថ្លៃ។

បច្ចុប្បន្នឆ្នេរប្រហែងប្រមាណ៩គីឡូម៉ែត្រ ចាប់ពីឆ្នេរអូរឈើទាល រហូតដល់ឆ្នេរថ្មី ក្នុងក្រុងព្រះសីហនុ ត្រូវបានអាជ្ញាធររៀបចំ និងកែលម្អជាថ្មី សម្រាប់អ្នកទេសចរលេងកម្សាន្ដ។ ជាមួយនឹងការកែលម្អ បានបង្កលក្ខណៈងាយស្រួលដល់ការលេងកម្សាន្ដរបស់ភ្ញៀវ និងលើកសោភ័ណ្ឌភាពឆ្នេរផងដែរ។ ប៉ុន្ដែបច្ចុប្បន្ននៅតាមឆ្នេរទាំងនេះ មិនទាន់មានបន្ទប់ទឹកសាធារណៈ ឬកន្លែងលាងសម្អាតខ្លួន ជាហេតុនាំឲ្យអ្នកទៅលេងទឹកសមុទ្រជួបការលំបាក។

ក្នុងសន្និសីទសារព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តព្រះសីហនុ» នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា បន្ទប់ទឹកទាំង២០ទីតាំងនេះ គ្រោងនឹងសាងសង់នៅពេលឆាប់ៗខាងមុខ ក្រោយការសិក្សាបានចប់សព្វគ្រប់ ខណៈបច្ចុប្បន្នខេត្តបានបង្កប់លូរួចរាល់ហើយ។

តំបន់ឆ្នេរនៅខេត្តព្រះសីហនុ រួមមាន ឆ្នេរអូឈើទាល និងឆ្នេរអូត្រេះជាដើម ត្រូវបានលោក គួច ចំរើន រំដោះយកមកឲ្យស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋបាលខេត្តវិញ បន្ទាប់ពីបានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់ពលរដ្ឋ ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងប្រើប្រាស់ជាផលប្រយោជន៍បុគ្គល ពោលមានការលក់ដូរយ៉ាងអនាធិបតេយ្យនៅលើតំបន់ឆ្នេរ។

អភិបាលខេត្តព្រះសីហនុ បានអះអាង យុទ្ធនាការរំដោះឆ្នេរ រហូតមកដល់ពេលនេះរដ្ឋបាលខេត្ត បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅតាមតំបន់ឆ្នេរ ឲ្យមានសោភ័ណ្ឌភាពឡើងវិញ បានប្រវែងជាង៩គីឡូម៉ែត្រ ដោយគិតចាប់ពីឆ្នេរអូរឈើទាល ដល់ចុងពយឆ្នេរជំទាវម៉ៅ និងមានរៀបចំដាក់ជាផ្លូវបេតុង ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរផងដែរ។

បើតាមលោក គួច ចំរើន តំបន់ឆ្នេរប្រមាណ៩គីឡូម៉ែត្រនេះ គឺបើកឲ្យភ្ញៀវទេសចរចូលអង្គុយ និងងូតទឹកកម្សាន្ដដោយឥតគិតថ្លៃ ដោយមិនមានរបាំង និងគ្មានការរារាំងពីក្រុមណាមួយនោះទេ ដែលផ្ទុយកាលពីពេលកន្លងទៅ គឺតម្រូវឲ្យមានជួលកញ្ចុះអង្គុយ និងទិញម្ហូបអាហារជាដើម ដើម្បីបានទីតាំងសម្រាប់អង្គុយលេង ឬងូតទឹក។

អភិបាលខេត្ត បានគូសបញ្ជាក់ទៀតថា ជាការពិតក្រោយរំដោះឆ្នេរនេះមកគ្រប់គ្រងវិញ រដ្ឋបាលខេត្តបាននិងកំពុងរៀបចំកែសម្រួលសោភ័ណ្ឌភាពជាបណ្ដើរៗ ដោយរៀបចំចាក់ផ្លូវបេតុង និងសម្អាតបរិវេណមាត់ឆ្នេរផងដែរ ខណៈបន្ទប់ទឹកសាធារណៈរដ្ឋបាលខេត្ត ក៏កំពុងសិក្សាដើម្បីសាងសង់ផងដែរ ដោយតាមគម្រោងនឹងសាងសង់ចំនួន២០ទីតាំង។

លោក គួច ចំរើន បានថ្លែងយ៉ាងដូច្នេះថា «បន្ទប់ទឹកសាធារណៈនៅតាមបណ្ដោយឆ្នេរនេះ ដោយសារទាក់ទងជាមួយនីតិវិធីហរិញ្ញវត្ថុ យើងពិតជាមិនអាចគិតឥលូវ ធ្វើឥលូវភ្លាមបាននោះទេ ដូច្នេះត្រូវរៀបចំនៅក្នុងផែនការចំណាយហរិញ្ញវត្ថុរបស់យើង។ ចំពោះមុខយើងធ្វើបានត្រឹមតបណ្ដាញលូ ដើម្បីកុំឲ្យថ្ងៃក្រោយទឹកកខ្វក់ហូរចូលឆ្នេរ ហើយបច្ចុប្បន្នយើងគ្រោងធ្វើបន្ទប់ទឹក និងកន្លែងលាងសម្អាតទឹកសមុទ្រ ជាង២០កន្លែង ចាប់ពីឆ្នេរអូរឈើទាលទៅ»

លោក គួច ចំរើន បានបន្ដទៀតថា រដ្ឋបាលខេត្ត នឹងចាប់ផ្ដើមសាកល្បងសាងសង់បន្ទប់ទឹកសាធារណៈមួយ ក្បែរស្ថានីយ៍បូមទឹកអូរឈើទាល ហើយបន្ទប់ទឹកនេះទៀតសោត នឹងត្រូវសាងសង់យ៉ាងណាដើម្បីធានាឲ្យការប្រើប្រាស់បានរយៈពេលយូរ និងមិនឲ្យមានទឹកកខ្វក់ហូរចូលទឹកសមុទ្រ ដូចបទពិសោធន៍ជូចត់នាពេលកន្លងទៅ។

ក្រៅពីបញ្ហាបន្ទប់សាធារណៈ និងកន្លែងលាងខ្លួនក្រោយងូតទឹកសមុទ្រហើយនោះ អភិបាលខេត្តព្រះសីហនុ ក៏បានបង្ហាញអំពីផែនការរៀបចំចំណតរថយន្ដ សម្រាប់ភ្ញៀវទេសចរផងដែរ។ ការរៀបចំចំណតរថយន្ដនេះ គ្រោងនឹងធ្វើនៅតំបន់ឆ្នេរណាដែលមានទំហំធំ ប៉ុន្ដែមិនឲ្យប៉ះពាល់ដល់ដើមឈរដែលរក្សាទុក នៅមាត់ឆ្នេរនោះទេ។

គួរជម្រាបថា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ដ្រីរាជការសមត្ថកិច្ចពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ចុះរៀបចំសណ្ដាប់ធ្នាប់ នៅឆ្នេរអូរឈើទាល២ (ឆ្នេរអតីតអារីស្តុន) និងឆ្នេរអូរត្រេះ ដែលជាសម្បត្តិរួមរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់។ ចាប់ពីពេលនេះតទៅ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចមកកម្សាន្ដដោយសេរី ឥតមានការបង់ថ្លៃអ្វីឡើយ។

ដោយឡែក សំណង់តូបស្តង់របស់ប្រជាពលរដ្ឋ ដែលបានសាងសង់នៅលើឆ្នេរអូរត្រេះភាគច្រើន ជាសំណង់រឹងមាំ ដែលបានចាក់សាប បេតុងនៅលើឆ្នេរខ្សាច់ដោយផ្ទាល់ និងមានមួយចំនួនសង់ជាប់មាត់ទឹកតែម្តង ក្នុងនោះផងដែរ បន្ទាប់ពីធ្វើការរុះរើតូបស្តង់ទាំងនោះរួច គឺប្រទះឃើញនូវ លូស្តុកលាមក និងសំណល់ផ្ទះបាយ ចំនួន១៣៦លូ ដែលបានបង្កប់ក្នុងឆ្នេរខ្សាច់ផងដែរ។

ការរុះរើតូប និងស្តង់លក់ដូរនៅលើឆ្នេរអូរឈើទាលពីរ និងឆ្នេរអូរត្រេះនេះ គឺមិនមែនយកដីទៅឲ្យក្រុមហ៊ុន ឬអង្គភាព អាជីវកម្មឯកជនណាមួយ ធ្វើការវិនិយោគនោះឡើយ គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងកែលម្អ សោភ័ណភាពឆ្នេរឡើងវិញ ដោយរក្សាទុកជាឆ្នេរសាធារណៈ និងជាសម្បត្តិរួមរបស់ប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចមកកម្សាន្ដដោយសេរី ឥតមានបង់ថ្លៃអ្វីឡើយ៕