(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ បានច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VNEXPRESS ដែលថា មានជនជាតិវៀតណាមម្នាក់ បានឆ្លងជំងឺកូវីដ១៩ ពីប្រទេសកម្ពុជា ហើយត្រូវបានក្រសួងសុខាភិបាលពិនិត្យឃើញកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ករណីរកឃើញជនជាតិវៀតណាមឆ្លងជំងឺកូវីដ១៩ពីកម្ពុជានេះគឺជារឿងមិនពិត ហើយក្រសួងបញ្ជាក់ថា បុរសជនជាតិវៀតណាម ១៨ឆ្នាំនេះ មិនដឹងមកពីប្រភពណាច្បាស់លាស់នោះឡើយ។ លោកស្រីស្នើឱ្យវៀតណាមពិនិត្យឡើងវិញផងដែរ។
ជនជាតិវៀតណាមម្នាក់ អាយុ១៨ឆ្នាំ ជាអ្នកស្រុកហុងងូ (Hong Ngu) ខេត្តដុងថាប់ (Dong Thap) ត្រូវបានសារព័ត៌មានវៀតណាម VNEXPRESS រាយការណ៍ថា មានផ្ទុកជំងឺកូវីដ-១៩ ពេលធ្វើដំណើរចេញពីកម្ពុជា ទៅដល់វៀតណាម កាលពីថ្ងៃទី២៥ ខែឧសភា។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជារកឃើញករណីកូវីដ១៩ ត្រឹមតែ១២៦នាក់ប៉ុណ្ណោះ ក្នុងនោះមាន១២៤នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ខណៈ២នាក់ទៀតកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ករណីចុងក្រោយដែលកម្ពុជាបានរកឃើញកាលពីពេលថ្មីៗនេះ គឺជាករណីនាំចូល ដោយមិនមានការឆ្លងនៅក្នុងសហគមន៍ទេ៕