(ភ្នំពេញ)៖ ជាការពិតការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ បានកើតឡើងយ៉ាងគំហុកនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយឆ្នាំ២០១៩កន្លងទៅ អ្នកវិនិយោគ ភ្ញៀវទេសចរប្រមាណ៦១សញ្ជាតិ បានមកវិនិយោគ និងកម្សាន្ដនៅខេត្តព្រះសីហនុ។ ក្នុងនោះ វត្តមានជនជាតិចិន នៅខេត្តព្រះសីហនុ មានរហូតប្រមាណ៥០ភាគរយ នៃចំនួនប្រជាជនក្នុងខេត្តនេះ។
ទន្ទឹមនឹងវត្តមានជនជាតិចិន មានការកើនឡើងខ្លាំងនៅខេត្ដព្រះសីហនុ ក៏មានជនជាតិចិនមួយចំនួន បានបង្កបញ្ហាជាបន្ដបន្ទាប់ ដូចជាអំពើហិង្សារវាងចិន និងចិនដូចគ្នា ឬអំពើចាប់ជំរិតជាដើម ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង។ ប៉ុន្ដែរហូតមកដល់ពេលនេះ មិនមានស្ថានភាពបែបនេះទៀតឡើយ ពោលព្រះសីហនុនាពេលបច្ចុប្បន្ន មានសន្ដិសុខ សណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរ។
នេះបើតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តព្រះសីហនុ» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានអះអាងថា ក្នុងនាមជាមន្ដ្រីនគរបាលអ្នកអនុវត្តច្បាប់ គឺមិនប្រកាន់ពូជសាសន៍អ្វីនោះទេ ជាវិធានការណ៍របស់គណៈបញ្ជាការឯកភាពខេត្ត ពិសេសនគរបាលខេត្តព្រះសីហនុ គឺត្រូវពង្រឹងកិច្ចការពារអ្នកវិនិយោគ ប្រជាពលរដ្ឋ និងទេសចរណ៍ ដែលចូលមកស្របច្បាប់។
ស្នងការនគរបាលខេត្តព្រះសីហនុរូបនេះ បានសង្កត់ធ្ងន់ថា នគរបាលក៏នឹងអនុវត្តច្បាប់ ទៅលើអ្នកប្រព្រឹត្តិបទល្មើសផ្សេងៗ គឺមិនបានកំណត់ថា ជនបរទេសមួយត្រូវអនុវត្តផ្សេង ហើយជនបរទេសមួយទៀត ត្រូវអនុវត្តច្បាប់ផ្សេងនោះទេ ពោលនៅក្នុងប្រទេសកម្ពុជា ត្រូវតែអនុវត្តតាមច្បាប់របស់កម្ពុជាជាដាច់ខាត។
បើតាមលោកឧត្តមសេនីយ៍ស្នងការ កន្លងទៅនគរបាលខេត្តព្រះសីហនុ ក៏ជួបនូវបញ្ហាប្រឈមមួយចំនួនផងដែរ ក្នុងនោះបញ្ហាធំ គឺជាភាសាក្នុងការទំនាក់ទំនង ព្រោះថាភាសាប្រើជាទូទៅ និងភាសាក្នុងការងារជំនាញកិច្ចការនគរបាល មិនដូចគ្នានោះទេ ហើយចំណុចខ្លះអាចធ្វើឲ្យមានការយល់ច្រឡំទៀតផង។
ប៉ុន្ដែបើទោះបីជាយ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្ដេជ្ញាចិត្តថា នឹងខិតខំបម្រើប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ និងការពារឲ្យខាតតែបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តព្រះសីហនុ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគស្របច្បាប់៕