(មណ្ឌលគិរី)៖ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានបញ្ជាទៅមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធរួមសហការគ្នា ដើម្បីចុះស្រាវជ្រាវ ទប់ស្កាត់ និងចាត់វិធានការជាបន្ទាន់ ក្រោយមាន សកម្មភាពរបស់មនុស្សមួយក្រុម បានចូលទៅឈូសឆាយចង់កាន់កាប់ទាំងខុសច្បាប់នៅ «រមនីយដ្ឋានជ្រៃយូស» ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។
«រមនីយដ្ឋានជ្រៃយូស» ជាតំបន់ដែនជំរកសត្វព្រៃភ្នំព្រេចក្នុងក្រុងសែនមនោរម្យ ដែលសំបូរទៅដោយដើមជ្រៃដែលមានអាយុរាប់រយឆ្នាំ។ ប្រតិកម្ម និងបទបញ្ជារបស់អភិបាលខេត្តមណ្ឌលគីរី ខាងលើនេះ ក្រោយពីមានសកម្មភាពរបស់ឈ្មួញបានចូលទៅឈូសឆាយ និងបោះបង្គោលខុសច្បាប់ចង់កាន់ដីនៅតំបន់នោះ រហូតមានការចុះទៅឃាត់ខ្លួនកាលពីពេលកន្លងទៅផងដែរ។
មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តមណ្ឌលគីរី បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះថា កាលពីពេលថ្មីៗនេះ មានការចូលបំពានឈូសឆាយ ក្នុងតំបន់នេះ ប៉ុន្តែត្រូវបានអាជ្ញាធរពាក់ព័ន្ធរួមសហការជាមួយមន្ទីបរិស្ថាន និងក្រុមហ៊ុនដែលបានគោលការណ៍អភិវឌ្ឍន៍ និងអភិរក្ស បានទប់ស្កាត់ទាន់ពេល រហូតមានការឃាត់ខ្លួនមនុស្សមួយចំនួន ប៉ុន្តែដោយយល់ថា មិនចង់ឃើញអ្នកស៊ីឈ្នូលគេ ដែលចាញ់បោកគេ ហើយក្លាយជាទោសនោះ ដូច្នេះមន្ត្រីជំនាញក៏បានធ្វើកិច្ចសន្យារួចដោះលែងវិញទៅ។
យោងតាមមន្រ្តីសមត្ថកិច្ចបានឲ្យដឹងដឹងទៀតថា ក្រោយមានការចុះទប់ស្កាត់ និងឃាត់ខ្លួនមនុស្សមួយក្រុមខាងលើនេះ មិនបានមួយអាទិត្យផង ស្រាប់តែក្រុមឈ្មួញដដែល ក៏បានដាក់កម្លាំង ចូលទៅបោះបង្គោលរបងទៀត ហើយនៅពេលនេះពួកគេកំពុងប្រមូលប្រជាជនមួយក្រុម មកតតាំងក្នុងរូបភាពជាអ្នករងគ្រោះទៀតផង។
មន្រ្តីសាលាខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការទៅកាន់កាប់ និងឈូសឆាយនៅតំបន់នេះជាការខុសច្បាប់ទាំងស្រុង ដោយសារមានមន្រ្តីមូលដ្ឋានខ្លះភូមិសង្កាត់ បានឃុបឃិត និងអនុញ្ញាតឲ្យធ្វើ បែបនេះ។ ចំពោះករណីនេះ លោកអភិបាលខេត្ត បានដាក់ចេញចំណាត់ភ្លាម ឲ្យសមត្ថកិច្ចសហការជាមួយមន្រ្តីជំនាញ ចុះទៅទប់ស្កាត់មិនឲ្យសកម្មភាពនេះកើតឡើងទៀតនោះទេ ហើយបើមន្រ្តីមូលដ្ឋានខ្លះដែលសង្ស័យជាប់ពាក់ព័ន្ធការអនុញ្ញាតឲ្យមានសកម្មភាពទាំងនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
បើតាមមន្រ្តីសាលាខេត្តមណ្ឌលគិរី សម្រាប់ «រមនីយដ្ឋានជ្រៃយូស» មានក្រុមហ៊ុនមួយបានសុំគោលការណ៍ពីអភិបាលខេត្ត ដើម្បីអភិវឌ្ឍន៍ និងអភិរក្សនៅតំបន់អេកូទេសចរណ៍មួយនេះ ដើម្បីបង្កើនការទាក់ទាញទេសចរណ៍ទាំងជាតិ និងអន្តរជាតិ៕