(កំពង់ឆ្នាំង)៖ កុមារីពីរនាក់បងប្អូនបង្កើតត្រូវបានឪពុកម្ដាយ បោះបង់ចោលតាំងពីពួកគេនៅមានវ័យតូចៗ ហើយត្រូវបានជីដូនយកទៅចិញ្ចឹមបីបាច់ថែរក្សាទាំងរូបគាត់ជាស្ត្រីមេម៉ាយ គ្មានស្រែភ្លឺ និងផ្ទះសម្បែង ដីធ្លី សម្រាប់ស្នាក់នៅ ដោយបច្ចប្បន្នលោកយាយបានសុំដីរបស់គេសង់កូនខ្ទមតូចមួយ ដើម្បីស្នាក់អាស្រ័យជាបណ្ដោះអាសន្នជាមួយចៅៗទាំងពីរនាក់ ស្ថិតក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជួបជាមួយភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ លោកយាយ កែ អេង សព្វថ្ងៃលោកយាយមានអាយុ៦៥ឆ្នាំហើយ ចំណែកចៅស្រីទាំងពីរនាក់ ចៅស្រីច្បងឈ្មោះ ឡៃ ស៊ីម បច្ចុប្បន្ននាងមានអាយុ១៤ឆ្នាំ រៀនថ្នាក់ទី៧ រីឯចៅស្រីជាប្អូនឈ្មោះ ហេង លីតា នាងមានអាយុ១២ឆ្នាំរៀនថ្នាក់ទី៤។
ពួកគេទាំងពីរនាក់ជាក្មេងកំព្រា ត្រូវបានឪពុកម្ដាយបោះបង់ចោលតាំងពីនាងនៅតូចៗ ពោលគឺតាំងពីចៅស្រីច្បងទើបតែមានអាយុ៤ឆ្នាំ និងចៅស្រីជាប្អូនទើបតែមានអាយុ២ឆ្នាំប៉ុណ្ណោះ តាំងពីពេលនោះមកភារៈនេះបានធ្លាក់មកលើលោកយាយ ដែលជាអ្នកបីបាច់ថែរក្សាចិញ្ចឹមចៅស្រីទាំងពីរនាក់ តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃ។
លោកយាយបានបន្តថា ការចិញ្ចឹមបីបាច់ចៅទាំងពីរនាក់តាំងពីពេលនោះ មកដល់សព្វថ្ងៃនេះ រហូតឱ្យចៅទាំងពីរនាក់ បានចូលរៀនសូត្រនឹងគេផងនោះ ក៏ដោយសារតែលោកយាយបានខិតខំ ប្រឹងប្រែង ដោយអស់ពីកំលាំងកាយចិត្ត កាលណោះលោកយាយនៅមានកម្លាំង គឺលោកយាយដើរស៊ីឈ្នួលដកស្ទូង ដេរស្លឹកកណ្ដបលក់ នឹងដើររកខ្យងក្តាម និងបេះបន្លែបង្ការផ្សេងៗ ដកស្មៅក្រវាញជ្រូក ដើម្បីយកទៅលក់បានកម្រៃបន្តិចបន្តួចដោះស្រាយជីវភាពក្នុងគ្រួសារផង និងមួយចំណែកទៀតយកមកទិញថ្នាំដង្កូវសម្រាប់ព្យាបាលខ្លួនឯងផង ក៏ដូចជាផ្ដល់ឱ្យចៅបានរៀនសូត្រនឹងគេផងដែរ។
មុខរបរទាំងអស់ខាងលើនេះ មកដល់សព្វថ្ងៃលោកយាយពុំបានបោះបង់វាចោលនោះទេ តែមុខរបរស៊ីឈ្នួលដកស្ទូងឲ្យគេ បច្ចុប្បន្នលោកយាយមិនអាចធ្វើកើតទៀតឡើយ ដោយសារតែលោកយាយមានវ័យកាន់តែចាស់ណាស់ទៅហើយ ណាមួយលោកយាយមានជំងឺប្រចាំកាយ មិនអាចធ្វើការនេះបានទៀតទេ។
ចំណែកមុខរបរដើររើសខ្យងខ្ចៅលក់ ក៏មិនអាចរកបានដែរ ដោយសារតែរដូវនេះត្រូវទឹកលិចអស់ហើយ ចំពោះមុខរបរជីកស្មៅក្រវាញ ជ្រូកយកទៅលក់ក៏គេឈប់ទិញហើយដែរ ដូច្នេះលោក យាយបានបង្កើតមុខរបរថ្មីមួយទៀត គឺធ្វើនំត្នោតឱ្យចៅទូលដើរលក់។
ការធ្វើនំត្នោតលក់នេះផងដែរ លោកយាយអាចរកប្រាក់បាន ដោយលក់ម្ដងបានពី៧០០០រៀល ទៅ៨០០០រៀល ផាត់ថ្លៃអង្ករ ថ្លៃដូងអស់ទៅ លោកយាយសល់ចំណេញបានពី ២០០០រៀលទៅ៣០០០រៀលដែរ ប្រាក់ចំណេញទាំងអស់នេះ មួយចំណែកដកឱ្យចៅទៅរៀន និងសល់ខ្លះយកមកទិញអង្ករហូបប្រចាំថ្ងៃ បើទោះជាលោកយាយត្រូវការទិញថ្នាំដង្កូវ សម្រាប់ហូបប្រចាំថ្ងៃយ៉ាងណាក៏ដោយ ក៏លោកយាយពុំដែលហ៊ានដកប្រាក់នេះដើម្បីយកទៅទិញថ្នាំដង្កូវនោះឡើយ។
សព្វថ្ងៃនេះលោកយាយបានធូរកម្លាំងខ្លះហើយដោយសារតែបានចៅៗ ជួយជំនួសដៃជើង និងបានដើរស៊ីឈ្នួលគេជំនួសលោកយាយនៅពេលដែលពួកគេបានឈប់សម្រាកពីការសិក្សាម្ដងៗ តែយ៉ាងណាលោកយាយក៏នៅតែលួចអាណិត និងស្រណោះដល់ចៅដែលនៅតូចៗ មិនដឹងថា តើវាសនាពួកគេ នឹងមានអនាគតល្អដែរឬយ៉ាងណា នៅពេលដែលអត់ពីលោកយាយទៅ សព្វថ្ងៃលោកខំតស៊ូរកចិញ្ចឹមចៅដោយមិនខ្លាចពីការនឿយហត់ បើទោះជាពេលខ្លះលោកយាយ ត្រូវដេកដួលក៏ដោយ ក៏លោកនៅតែប្រឹងប្រែង ដោយពុំដែលហ៊ានពោលប្រាប់ចៅ អំពីសុខភាពរបស់លោកយាយម្តងណាឡើយ។
លោកយាយបានបន្តឲ្យដឹងទៀតថា ខ្ទមដែលលោកយាយ និងចៅស្នាក់នៅសព្វថ្ងៃនេះ គឺលោកយាយបានសុំដីគេសង់សម្រាប់ជ្រកជាមួយចៅៗ រយៈពេលជាង១០ឆ្នាំមកហើយ ការរស់នៅក្រោមដំបូលខ្ទមនេះផងដែរ ពិសេសនៅក្នុងរដូវវស្សានេះ នៅពេលដែលមានភ្លៀងខ្យល់ម្ដងៗ លោកយាយពុំដែលហ៊ានជ្រកនៅលើខ្ទមនេះទេ ដោយបាននាំចៅរត់ទៅជ្រកក្រោមផ្ទះប្អូន ដែលនៅខាងមុខ ព្រោះទី១ខ្លាចខ្ទមនេះរលំសង្កត់លើ ទី២ ខ្លាចដើមត្នោតដែលនៅជុំវិញខ្ទមបាក់សង្កត់លើ និងមានគ្រោះថ្នាក់ដល់ចៅៗ ហេតុនេះហើយ ទើបលោកយាយតែងតែបារម្ភជារៀងរាល់ នៅពេលមានភ្លៀងនិងខ្យល់ម្ដងៗ។
ជាចុងក្រោយលោកយាយ សំណូមពរដល់សប្បុរជនជិតឆ្ងាយ ដែលលោកមានចិត្តធម៌មេត្តាជួយដល់ចៅៗរបស់គាត់ផង ពិសេសជួយផ្ដល់នៅស្បៀងអាហារខ្លះៗ ក៏ដូចជាសម្ភារសិក្សាដល់ចៅៗ របស់គាត់ ដោយសារតែលោកយាយពុំមានលទ្ធភាពដើម្បីទិញសម្ភារសិក្សាសម្រាប់ផ្គត់ផ្គង់ដល់ចៅៗឱ្យបានសមរម្យនឹងគេ។
ដោយឡែកក្មួយៗកុមារីទាំងពីរនាក់បងប្អូន ពួកគេក៏បានសំពះសុំដល់សប្បុរសជននានាផងដែរ ដើម្បីឲ្យជួយផ្តល់នូវសម្ភារសិក្សា ក៏ដូចជាសម្លៀកបំពាក់និងស្បែកជើងសម្រាប់សិស្ស ជាពិសេសពួក នាងបានសំពះសុំកង់១ គ្រឿង ដើម្បីជិះដឹកបងប្អូនទៅរៀន ព្រោះតែសាលាដែលនាងទៅរៀនរាល់ថ្ងៃនោះ នៅឆ្ងាយដែលមានចម្ងាយ ២គីឡូម៉ែត្រពីផ្ទះរបស់នាង៕