(ត្បូងឃ្មុំ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរា និងអាជ្ញាធរខេត្តត្បូងឃ្មុំ បានរៀបចំទីទួលសុវត្ថិភាពលើដីទំហំប្រមាណ ១០ហិកតា ដើម្បីជម្លៀសប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់នៅក្នុងរដូវវស្សា។

ប្រជាពលរដ្ឋរស់នៅតាមស្រុកជាច្រើននៅក្នុងខេត្តត្បូងឃ្មុំ តែងតែជួបការជន់លិចដោយសារតែទឹកជំនន់ទន្លេមេគង្គក្នុងរដូវវស្សា។ ទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋចេញពីការជន់លិច គឺជាចំណោទបញ្ហាមួយសម្រាប់អាជ្ញាធរក្នុងខេត្តត្បូងឃ្មុំ។

ដោយមើលឃើញពីផលលំបាកនេះ ទើបគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្ត បានរួមគ្នារៀបចំទីតាំងទួលសុវត្ថិភាពមួយកន្លែងស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដើម្បីទុកជម្លៀសប្រជាពលរដ្ឋពេលមានជំនន់ទឹកទន្លេមេគង្គនោះ។ ទីទួលសុវត្ថិភាពនេះ មានផ្ទៃទំហំប្រមាណ ១០ហិកតា និងអាចដាក់ប្រជាពលរដ្ឋបានប្រមាណ ៣ពាន់គ្រួសារ។

ក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្ត កំពុងតែមមាញឹកក្នុងការសាងសង់ទីទួលសុវត្ថិភាពនេះ។ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ លោក នាង ឆែន ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ជ័យ ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានបើកកិច្ចប្រជុំ និងចុះពិនិត្យដោយផ្ទាល់ពីដំណើរការសាងសង់ទីទួលសុវត្ថិភាពនេះ។

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងទន្លេមេគង្គតាមបណ្តាស្រុកនានាក្នុងខេត្តត្បូងឃ្មុំ តែងរងនូវការជន់លិចដោយសារជំនន់ទឹកទន្លេមេគង្គជារៀងរាល់ឆ្នាំ។ ជម្រកសម្រាប់ស្នាក់នៅបណ្តោះអាសន្នពេលជួបទឹកជំនន់នេះ ជាចំណោទបញ្ហា និងបង្កការលំបាកដល់ប្រជាពលរដ្ឋផងដែរ។

លោកទេសរដ្ឋមន្ត្រីបន្តថា ដោយពិនិត្យឃើញពីការលំបាកនេះហើយ ទើបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចាត់ចែងឱ្យការរៀបចំទីទួលសុវត្ថិភាពនេះឡើងយ។

លោក គន់ គីម បានបញ្ជាក់ថា ទីទួលសុវត្ថិភាពនេះធ្វើឡើងដោយមានជម្រកត្រឹមត្រូវ ដើម្បីប្រជាពលរដ្ឋស្នាក់អាស្រ័យបណ្តោះអាសន្នពេលជួបទឹកជំនន់។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួួយខេត្តត្បូងឃ្មុំ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីរៀបចំសាងសង់ទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ ពេលមានទឹកជំនន់នៅរដូវវស្សានោះ៕