(កណ្ដាល)៖ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលជួសមុខលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តកណ្ដាល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ បាននាំយកអំណោយសប្បុរសធម៌ ចែកជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់រលំ បែកបាក់ ខូចខាតផ្ទះសំបែងចំនួន១៤គ្រួសារ នៅភូមិក្ដាន់រយ ឃុំតំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោក ទៀង សុគន្ធ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករឭក និងក្តីអាណិតអាសូរយ៉ាងពន់ពេក។ លោកបានសំណូមពរដល់គ្រួសាររងគ្រោះទាំងអស់សូមមេត្តាកាត់ចិត្តទប់អារម្មណ៍ ព្រោះហេតុការណ៍ទាំងអស់នេះ វាក៏បានកន្លងផុតអស់ហើយ តែអ្វីដែលយើងត្រូវគិតគូរដោះស្រាយជាបន្តនោះ គឺការងាររកចំណូលតាមសមត្ថភាព រៀងៗខ្លួន សម្រាប់ទ្រទ្រង់ដល់ជីវភាពគ្រួសារឡើងវិញឲ្យមានភាពប្រសើរ។

លោកបានបន្តទៀតថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរជានិច្ចអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ទូទៅដោយពុំមានការរើសអើងពូជសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ ក្នុងនោះដែរលោកនាយក ក៏បានផ្សព្វផ្សាយបញ្ជ្រាបពីប្រវត្តិ ចលនារបស់កាកបាទក្រហម និងគោលការណ៍គ្រឹះទាំង៧ដល់ប្រជាពលរដ្ឋផងដែរ។

លោក ខុន សេរីរដ្ឋា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានឱ្យដឹងថា ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់រលំផ្ទះ និងរបើកតំបូល កាលពីថ្ងៃទី០៥ ខែមថុនា ឆ្នាំ២០២០ កន្លងមកនេះមានចំនួន១៤គ្រួសារ ក្នុងនោះរងគ្រោះធ្ងន់ធ្ងរ ៤គ្រួសារ និងរងគ្រោះមធ្យមចំនួន ១០គ្រួសារ។ លោកបានផ្តាំផ្ញើសូមបងប្អូនយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ ពិសេសចូលរួមអនុវត្តនូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក្នុងសហគន៍។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះទាំង១៤គ្រួសារ ក្នុងគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ៤គ្រួសារ ក្នុង១គ្រួសារៗទទួលបាន អង្គរ ៥៥គីឡូក្រាម, មី១កេសនិង១០កញ្ចប់, ត្រីខ១យួរ, ទឹកត្រី ៩ដប, ទឹកស៊ីអ៊ីវ ៩ដប,ទឹកសុទ្ធ ១កេស, ម៉ាស់ ១០បន្ទះ, ទឹកអាល់កុល ១ដប, ឆៃប៉ូវ ១កញ្ចប់, ខ្ទឹមស១កញ្ចប់ និងថវិកា ៥០ម៉ឺនរៀល ក្នុងនោះថវិការបស់អនុសាខាស្រុក ១០ម៉ឺនរៀល។ ដោយឡែកគ្រួសាររងគ្រោះមធ្យមចំនួន ១០គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន អង្គរ ២៥ គីឡូក្រាម, មី ១០កញ្ចប់, ទឹកត្រី ៣ដប, ទឹកស៊ីអ៊ីវ ៣ដប និងថវិកាចំនួន ១០ម៉ឺនរៀល ក្នុងនោះថវិការបស់អនុសាខា ៥ម៉ឺនរៀលផងដែរ៕