(ក្រចេះ)៖ ដើម្បីជាការរួមចំណែកដោះស្រាយការលំបាករបស់គ្រួសារអតីតយុទ្ធជននៅក្នុងស្រុកស្នួល ខេត្តក្រចេះនោះ ក្រុមការងារយុវជនមនុស្សធម៌របស់សមាគមអតីតយុទ្ធជនកម្ពុជា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកនូវស្បៀងអាហារជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៅចែកជូនដល់ពួកគាត់។

ក្រុមគ្រួសារអតីតយុទ្ធជនដែលមានជួបការលំបាកក្នុងជីវភាព ហើយទទួលបានអំណោយពីសមាគមអតីតយុទ្ធជនកម្ពុជាមានចំនួន ១៨៤គ្រួសារ។ ពិធីប្រគល់អំណោយបានធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ។

ក្នុងពិធីប្រគល់អំណោយនោះ លោកឧត្តសេនីយ៍ទោ គីម សុផារុន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ព្រមទាំងបានផ្សព្វផ្សាយសារអប់រំការថែទាំសុខភាព និងវីធីបង្ការជំងឺកូវីដ១៩ផងដែរ។ ជាមួយគ្នានោះ ក៏មានការចែកជូននូវគ្រាប់ពូជដំណាំសម្រាប់ជូនគ្រួសារអតីតយុទ្ធជនសម្រាប់ធ្វើការដាំដុះ ដើម្បីសម្រួលជីវភាពប្រចាំថ្ងៃបន្ថែមទៀត។

ឧត្តមសេនីយ៍ទោ បានលើកទឹកចិត្តដល់គ្រួសារអតីតយុទ្ធជន ឱ្យបន្តស្មារតីរក្សាអនាម័យ និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ពីការឆ្លងជំងឺកូវីដ១៩។

អំណោយដែលបានយកចែកជូនគ្រួសារអតីតយុទ្ធជនដល់ខ្នងផ្ទះនោះ រួមមាន៖ អង្ករចំនួន២៥គីឡូក្រាម, គ្រាប់ពូជបន្លែ, ក្រាម៉ា, ម៉ាស, ទឹកអាកុល, ទឹកត្រី, ទឹកស៊ីអ៉ី, ថ្នាំដុសធ្មេញ, ខិត្តប័ណ្ណផ្សព្វផ្សាយការពារជំងឺកូវីដ១៩ និងថវិកាចំនួន ៥ម៉ឺនរៀល៕