(ភ្នំពេញ)៖ បុរសម្នាក់មានវិប្បដិសារីបន្ទាប់ពីបានធ្វើខុសបំផ្លាញលុយរបស់ម្តាយជាច្រើនម៉ឺនដុល្លារ បានសម្រេចចិត្តមកលោតសម្លាប់ខ្លួនលើស្ពានអាកាសស្ទឹងមានជ័យ នាម៉ោងជាង១០យប់ បណ្តាលឲ្យរងរបួសធ្ងន់បន្ទាប់ពីដឹងថា ម្តាយរបស់ខ្លួនបានចងកសម្លាប់ខ្លួននៅព្រលប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៩យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មុនឈានដល់ការលោតសម្លាប់ខ្លួនរបស់បុរសម្នាក់ពីលើស្ពានអាកាសស្ទឹងមានជ័យខាងលើ សូមបញ្ជាក់ដើមចមនៃរឿងរ៉ាវកាលពីម៉ោងជិត៧យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ម្តាយរបស់បុរស់ដែលបានលោតសម្លាប់ខ្លួនពីលើស្ពានអាកាសស្ទឹងមានជ័យ បានចងកសម្លាប់ខ្លួននៅផ្ទះបាត់ទៅហើយ។ ស្ថិតនៅទីតាំងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ម្តាយដែលចងកសម្លាប់ខ្លួនមានឈ្មោះ ខៀវ ចាន់ស៉ីណែត អាយុ៤៩ឆ្នាំ មុខរបរជាគ្រូបង្រៀន។
បន្ទាប់ពីដឹងថាម្តាយបានចងកសម្លាប់ខ្លួនរួចមក រូបខ្លួនជាកូនដឹងកំហុស ព្រោះជាអ្នកដែលបានធ្វើឲ្យម្តាយចងកសម្លាប់ខ្លួន ទើបនៅម៉ោងជាង១០យប់ថ្ងៃដដែល បុរសជាកូនបានសម្រេចចិត្តមកលោតសម្លាប់ខ្លួននៅលើស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យរងរបួសធ្ងន់ និងបង្កឲ្យមានការភ្ញាក់ផ្អើល។
ជនរងគ្រោះជាកូនដែលមកលោតសម្លាប់ខ្លួនលើស្ពានអាកាសស្ទឹងមានជ័យ មានឈ្មោះ ចាន់ មាសពិសាល មុខរបរធ្វើការនៅក្រុមហ៊ុនឯកជនមួយកន្លែង។ បច្ចុប្បន្នស្នាក់នៅម្ដុំ ច្រមុះ ជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យលោកសង្ឃ។
ព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេមិនដឹងជនរងគ្រោះជិះអ្វីមកនោះទេ ស្រាប់តែឃើញជនរងគ្រោះបានលោត ពីលើស្ពានអាកាសស្ទឹងមានជ័យ ធ្លាក់មកផ្លូវខាងក្រោមដីបណ្ដាលឲ្យបោកក្បាលរងរបួសធ្ងន់ និងបាក់ជើងម្ខាង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅមន្ទីពេទ្យភ្លាមៗផងដែរ៕