(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ទ្វីបអាហ្វ្រិកទាំងមូល អាចនឹងទទួលរងគ្រោះកាន់តែខ្លាំង ខណៈករណីឆ្លងជំងឺ COVID-19 បានលោតឡើងពី ១០០,០០០ករណីទៅដល់ជាង ២០០,០០០ករណី តែក្នុងរយៈពេលជាងកន្លះខែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០។
អគ្គនាយក WHO ប្រចាំនៅទ្វីបអាហ្វ្រិកលោកស្រី ម៉ាត់ស៊ីឌីសូ ម៉ូអេទី (Matshidiso Moeti) បានថ្លែងតាមរយៈវីដេអូ Link យ៉ាងដូច្នេះថា «ទ្វីបអាហ្វ្រិកត្រូវការពេលរហូតដល់ ៩៨ថ្ងៃ ទើបអាចមានករណីឆ្លង COVID-19 កើនដល់ ១០០,០០០ករណី និង ១៨ថ្ងៃប៉ុណ្ណោះដើម្បីឡើងមកដល់ជាង ២០០,០០០ករណី។ ទោះបីជាករណីឆ្លងនៅអាហ្វ្រិក ស្មើតែជិត ៣% នៃករណីឆ្លងសរុបជាងសកលទាំង ៧.៥៩លាននាក់ ប៉ុន្តែភស្តុតាងបានបង្ហាញច្បាស់ណាស់ថា ជំងឺនេះកំពុងរីករាតត្បាតលឿននៅអាហ្វ្រិក»។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០ នេះតែម្តង ទ្វីបអាហ្វ្រិកទាំងមូល ដែលមានប្រទេសសរុបចំនួន ៥៤ មានករណីឆ្លង COVID-19 សរុប ២១៩,៥០២ករណី ក្នុងនោះស្លាប់ ៥,៨៨១នាក់ និងជាសះស្បើយឡើងវិញ ១០០,៧៨៧នាក់ ខណៈប្រទេសដែលកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេ គឺអាហ្វ្រិកខាងត្បូង។ គិតត្រឹមពេលដូចគ្នា ពិភពលោកទាំងមូលមានករណីឆ្លង COVID-19 សរុបជិត ៧.៦លាននាក់ ក្នុងស្លាប់ជាង ៤.២សែននាក់ និងជាសះស្បើយវិញជាង ៣.៨លាននាក់៕