(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានថ្លែងថា ការផ្ទេរមុខងារ និងធនធានមករដ្ឋបាលថ្នាក់ក្រោមជាតិ ជាផ្នែកមួយយ៉ាងសំខាន់ នៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកថ្លែងបែបនេះ ខណៈលោក និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ចូលរួមជាអធិបតី ក្នុងពីធីផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពត។
លោក ជាវ តាយ បានថ្លែងទៀតថា ការដាក់ឲ្យអនុវត្តនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រង លើការផ្តល់សេវាសាធារណៈដ៏សំខាន់មួយតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រយៈពេល១០ឆ្នាំ ពោលគឺការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវពីក្រសួងសុខាភិបាល មកឲ្យរដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រង និងចាត់ចែងប្រតិបត្តិការនានា ពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត។
ផ្អែកលើប្រព័ន្ធគ្រប់គ្រងថ្មីនេះ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត និងក្លាយទៅជាអ្នកទទួលខុសត្រូវចំពោះរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីលទ្ធផលនៃការបំពេញ ការងារពាក់ព័ន្ធ និងការផ្តល់សេវាសុខាភិបាលនានា ដែលក្រសួងបានប្រគល់ឲ្យប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ទាក់ទិននឹងកិច្ចការ ដ៏សំខាន់នេះ កិច្ចការអាទិភាពមួយចំនួន ដែលពិចារណាសម្រាប់រៀបចំកម្មវិធីជាតិជំហានបន្ទាប់ រួមមាន៖
* ទី១៖ ការបន្តពង្រឹងរដ្ឋាបាលក្រុង ស្រុក ឃុំ សង្កាត់
* ទី២៖ ការបន្តពង្រឹងរដ្ឋបាលក្រុង ស្រុក ដែលត្រូវធ្វើការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង នៅថ្នាក់ក្រុង បែងចែកឲ្យបានច្បាស់លាស់ នូវមុខងារ តួនាទី និងការទទួលខុសត្រូវ
* ទី៣៖ ការផ្ទេរមុខងារទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
* ទី៤៖ ការធ្វើវិម្ឈការហិរញ្ញវត្ថុ។
ដើម្បីធានាឲ្យរដ្ឋបាលខេត្ត អាចចាប់ផ្តើមគ្រប់គ្រងចាត់ចែងមុខងារផ្តល់សេវាសុខាភិបាល ដែលបានផ្ទេរឲ្យនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ លោកអភិបាលខេត្ត ក៏បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ ខិតខំអនុវត្តន៍៖
* ទី១៖ ត្រូវបន្តរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឲ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឲ្យបានទូលំទូលាយជូនដល់ថ្នាក់ដឹកនាំ នៃមន្ទីរអង្គភាពជំនាញក្នុងខេត្ត។
* ទី២៖ ការគ្រប់គ្រងបុគ្គលិកដែលបានផ្ទេរមករដ្ឋបាលខេត្ត ចំនួន ១.០៩៥នាក់ ត្រូវអនុវត្តតាមគោលការណ៍ បែបបទ នីតិវិធីនៃការគ្រប់គ្រងបុគ្គលិក ស្របតាមសហលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។
* ទី៣៖ ការគ្រប់គ្រងចាត់ចែង និងប្រើប្រាស់ថវិកា ដែលត្រូវផ្ទេរមកឲ្យរដ្ឋបាលខេត្តសម្រាប់អនុវត្តមុខងារផ្តល់សេវាសុខាភិបាល ត្រូវអនុវត្តឲ្យបានច្បាស់លាស់តាមគោលការណ៍ បែបបទ នីតិវិធីនៃការគ្រប់គ្រង និងការប្រើប្រាស់ថវិកាមានភ្ជាប់លក្ខខ័ណ្ឌនេះ។
* ទី៤៖ រដ្ឋបាលខេត្តបន្តសម្របសម្រួលជាមួយមន្ទីរសុខាភិបាលខេត្ត មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ដើម្បីពន្លឿនការផ្ទេរទ្រព្យសម្បត្តិនានាពាក់ព័ន្ធនឹងមុខងារសុខាភិបាល ដែលប្រគល់ទៅឲ្យរដ្ឋបាលខេត្ត ឲ្យបានរួចរាល់នៅក្នុងឆ្នាំ២០២០នេះ៕