(កោះកុង)៖ លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមភូមិន្ទ បានដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យប្រព័ន្ធលូ ដែលមានការកកស្ទះដោយសារសំរាម និងល្បាប់ភក់ដែលធ្វើឲ្យមានការកកស្ទះ និងធ្វើឲ្យមានទឹកជំនន់នារដូវរស្សា។
ក្នុងសកម្មភាពដែលបានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោក ឈេង សុវណ្ណដា អភិបាលក្រុង បានឲ្យដឹងថា ក្រុមការងាររបស់អាជ្ញាធរក្រុង បានចុះពិនិត្យគ្រប់ប្រព័ន្ធលូទាំងអស់ ទាំងនៅជុំវិញបរិវេនផ្សារដងទង់ និងនៅតាមដងផ្លូវសាធារណៈ ដើម្បីការស្តាកាយល្បាប់ភក់សំរាមចេញពីលូ ក្នុងការរំដោះទឹកឲ្យហូរបានលឿនចាក់ចូលសមុទ្រ ចៀសវាងការលិចលង់នៅពេល មានភ្លៀងធ្លាក់នៅរដូវរស្សានាពេលខាងមុខនេះ។
អភិបាលក្រុងបានថ្លែងបន្តថា «ការរៀបចំស្តារប្រព័ន្ធលូថ្ងៃនេះ យើងបានប្រើថវិការបស់រដ្ឋាបាលខេត្តកោះកុងទៅលើការចំណាយ ហើយការរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូឲ្យល្អឡើងវិញ ដើម្បីសោភ័ណ្ឌក្រុងក្នុងការទាក់ទាញផ្នែកវិស័យទេសចរណ៍ផងដែរ»។
លោកបានបញ្ជាក់ថា គ្រប់ប្រព័ន្ធលូនិងបណ្តាផ្លូវទឹកផ្សេងៗ ក្នុងការងារចុះស្តាររាល់ឆ្នាំដោយមិនមានការខកខានឡើយ ហើយណាមួយអាជ្ញាធរក្រុងខិតខំអភិវឌ្ឍន៍ តាមមូលដ្ឋានដើម្បីសោមភ័ណ្ឌក្រុង ខេត្ត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកកម្សាន្តបានច្រើននាពេលបច្ចុប្បន្ននេះ ដែលប្រទេសជាតិ កំពុងមានការរីកចម្រើនគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចតេជោ។
ជាចុងក្រោយ លោកសូមសំណូមពរដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមចូលចូលរួមថែរក្សាអនាម័យបរិស្ថានវេចខ្ចប់សំរាម និងទុក្ខដាក់ឲ្យបានត្រឹមត្រូវ ងាយស្រួលខាងភាគីក្រុមហ៊ុន ដឹកសំរាមយកទៅចោល។ លោកជំរុញថា កុំយកសំរាមទៅបោះចូលប្រព័ន្ធលូ ឬអូរទឹកឲ្យសោះ ដើម្បីការការពារសុខភាពជំងឺឆ្លងផ្សេងៗ និងដើម្បីជួយចលនាប្រឡងប្រណាំង សេវាល្អ រមណីយដ្ឋានល្អ ទីក្រុងស្អាតផងដែរ៕