(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានលើកទឹកចិត្តដល់មន្ត្រី នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម ឱ្យបន្តបង្កើនការគ្រប់គ្រងគុណភាព នៃការផ្ដល់សេវាសុខភាពទាំង ផ្នែកសាធារណៈ និងឯកជន ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព។
ការលើកទឹកចិត្តបែបនេះរបស់លោក អ៊ុន ចាន់ដា បានធ្វើឡើងនារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្នុងពិធីប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានសម្រាប់ដំណើរការមន្ទីរសុខាភិបាលខេត្ត និងបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តកំពង់ចាម ឆ្នាំ២០១៩ និងលើកទិសដៅបន្ត សម្រាប់ឆ្នាំ២០២០។
ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្ត្រីរាជការគ្រប់ថ្នាក់ ក្នុងរយៈពេលមួយឆ្នាំកន្លងដែល សម្រេចលទ្ធផលការងារ ជូនមន្ទីរសុខាភិបាលខេត្ត ប្រកបដោយភាពអត់ធ្មត់ និងសុទិដ្ឋិនិយម។
ទន្ទឹមនឹងលទ្ធផលជោគជ័យដែលសម្រេចបាននេះ ក្នុងនាមរដ្ឋបាលខេត្ត លោកជឿជាក់ថា មន្ទីរសុខាភិបាលនឹងនៅបន្តខិតខំពុះពារអភិវឌ្ឍន៍ និងបន្តពង្រឹងគុណភាពការងារ ឱ្យកាន់តែល្អប្រសើរឡើង បន្ថែមទៀត ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន អង្គការដៃគូរអភិវឌ្ឍន៍នានា សំដៅកែលម្អឈានឡើងយ៉ាងពិតប្រាកដលើគ្រប់ផ្នែកជាពិសេស និងជាអាទិ៍ គឺត្រូវបន្តបង្កើនគុណភាពសេវាមន្ទីរពេទ្យ ដោយផ្អែកលើគោលការណ៍ផ្តល់សេវាប្រកបដោយសមធម៌ជូនដល់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានដាក់ផែនការឲ្យមន្រ្តីត្រូវអភិវឌ្ឍន៍យុទ្ធសាស្ត្រ នៃការផ្តល់សេវាសុខាភិបាលឱ្យគ្រប់ជ្រុងជ្រោយ ពោលគឺត្រូវគ្រប់គ្រងគុណភាព នៃការផ្តល់សេវាសុខាភិបាល ទាំងផ្នែកសាធារណៈ និងផ្នែកសេវាឯកជនក្នុងខេត្ត ជាជំហានៗប្រកបដោយភាពសុទិដ្ឋិនិយម និងត្រូវបំពេញបន្ថែមនូវចំណុចខ្វះខាតទាំងឡាយដែលនៅសេសសល់កាលពីឆ្នាំចាស់ លើកទិសដៅការងារ បន្តលើកស្ទួយសុខភាពជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ រួមចំណែកក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ភូមិ-ឃុំមានសុវត្ថិភាព និងប្រកបដោយភាពសុខដុមរមនា។
លើសពីនេះទៅទៀត មន្ទីរសុខាភិបាល គប្បីយកចិត្តទុកដាក់លើកកម្ពស់ការគ្រប់គ្រងសេវាឯកជនឱ្យបានខ្ពស់ ក្នុងបំណងដើម្បីប្រែក្លាយសេវាសុខាភិបាលឯកជនទាំងកន្លែងព្យាបាលឯកជន និងសេវាកម្មឱសថឯកជនក្នុងខេត្ត ឱ្យមានដំណើរការប្រកបដោយគុណភាព ស្របច្បាប់ទាំងទីប្រជុំជន និងតំបន់ដាច់ស្រយាល ដើម្បីឱ្យធានាបានតាមគោលការណ៍ ផ្គត់ផ្គង់សេវាជូន ប្រជាពលរដ្ឋជាប់ជាប្រចាំមិនថាយប់ ឬថ្ងៃព្រមទាំងប្រែក្លាយមូលដ្ឋានសេវាសុខាភិបាលទាំងអស់ ក្នុងខេត្តឱ្យក្លាយជាបង្អែកនៃសេវាធានារ៉ាប់រងសុខភាព ជូនប្រជាពលរដ្ឋជាពិសេសទារក កុមារ ស្ត្រីមាន ផ្ទៃពោះ និងចាស់ជរា៕