(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ រួមដំណើរជាមួយក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ខ្វះខាតជីវភាព មកពី៣ឃុំ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយគ្មានរើសអើងឡើយ។
ជាមួយគ្នានោះដែរ លោក អ៊ុន ចាន់ដា បានក្រើនរំលឹកបន្ថែមដល់មន្ត្រី បុគ្គលិក និងប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្តទៀត ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩ ដែលកំពុងបន្តគម្រាមកំហែងជាប់ជានិច្ច ដោយសារតែប្រទេសនានាក្នុងពិភពលោកកំពុងរងការរាតត្បាតជំងឺនេះនៅឡើយ។
«ដូចនេះ ត្រូវតាមដានព័ត៌មាន និងអនុវត្តន៍ជាប្រចាំ តាមសារអប់រំនានា របស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលតែងបានដាស់តឿនជនរួមជាតិ កុំធ្វេសប្រហែស ឬភ្លេច កូវីដ១៩នេះ ហើយត្រូវមានម៉ាស ទឹកអាល់កុល ឬជែល ដាក់តាមខ្លួនជាប់ជាប្រចាំផងដែរ»។ លោកគូសបញ្ជាក់។
ក្នុងឱកាសនោះផងដែរ លោកប្រធានគណៈកម្មាធិការសាខា បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមឲ្យមានការប្រុងប្រយ័ត្នជំងឺគ្រុនឈាម ព្រោះរដូវនេះជារដូវធ្លាក់ភ្លៀង ធ្វើឲ្យកើតមូសខ្លា ដែលអាចខាំចម្លងជំងឺគ្រុនឈាមមកមនុស្សបាន ជាពិសេសសូមប្រុងប្រយ័ត្នចំពោះក្មេងៗ។ ដោយឡែក អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ សូមចូលរួមអនុវត្តន៍ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពាររក្សាជីវិតខ្លួនឯង និងជីវិតអ្នកដទៃ ស្របតាមទិសស្លោក «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»។
សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋចំនួន ៦៣គ្រួសារនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ១យួរ, ត្រីខ ១០កំប៉ុង, អាវយឺត២, ម៉ាស ៥បន្ទះ និងថវិកាមួយចំនួន ។
ក្រោយបញ្ចប់ពិធី លោក អ៊ុន ចាន់ដា និងសហការី បានបន្តអញ្ជើញប្រគល់ផ្ទះ ១ខ្នង រួមជាមួយ គ្រឿងឧបភោគបរិភោគ, សម្ភារផ្ទះបាយ និងថវិកាមួយចំនួន ជូនអ្នកស្រី វិត ស៊្រាង ជាស្ត្រីមេម៉ាយទ័លលំបាក រស់នៅភូមិ/ឃុំពាមជីកង ស្រុកកងមាស សម្រាប់ស្នាក់អាស្រ័យផងដែរ៕