(ភ្នំពេញ)៖ លោក លិ សុខា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿង «ផលិត ជួញដូរ រក្សាទុក ចាត់ចែងសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាត់ញៀន» និងបទ «សមគំនិតក្នុងអំពើជួញដូរ រក្សាទុកចាត់ចែងប្រើប្រាស់ និងសម្រួលឱ្យប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់»។ ដោយចៅក្រមសម្រេចផ្តន្ទាទោសឈ្មោះ ស្រេង វីរៈ ម្ចាស់ក្លឹបម៉ៃអាមី ដាក់ពន្ធនាគារ១២ឆ្នាំ និងអ្នកពាក់ព័ន្ធចំនួន០៧នាក់ផ្សេងទៀត ក្នុងម្នាក់ៗជាប់ពន្ធនាគារពី១១ឆ្នាំ ១០ឆ្នាំ និង៥ឆ្នាំ។
ក្នុងសាលក្រមដដែលនោះ លោកចៅក្រម ក៏បានប្រកាស បង្គាប់ឱ្យស្វែងរកចាប់ខ្លួនមនុស្ស៣នាក់ តាមអំណាចដីកា និងបានទុកសិទ្ធិឱ្យជនទាំងនោះ ប្តឹងឧទ្ធណ៍តាមកំណត់ច្បាប់ផងដែរ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩កន្លងទៅ លោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីការបង្គាប់ឱ្យឃុំខ្លូនម្ចាស់ក្លឹប «ម៉ៃអាមី» ឈ្មោះ ស្រេង វីរៈ និងស្ត្រី២នាក់ ពន្ធនាគារ PJ រីឯអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត បញ្ជូនទៅឃុំឃាំងនៅក្នុងពន្ធនាគារព្រៃស។
ឈ្មោះ ស្រេង វីរៈ ដែលជាម្ចាស់ក្លឹប និងមេការពីរនាក់ ត្រូវបានលោក ថាន់ ឡេង សម្រេចឃុំខ្លួន បម្ទាប់ពីតំណាងអយ្យការ បានចោទប្រកាន់ពីបទល្មើស «ផលិត ជួញដូរ រក្សាទុក ចាត់ចែងសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាត់ញៀន» ចំណែកបក្ខពួក៤នាក់ទៀត ត្រូវចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើជួញដូរ រក្សាទុក ចាត់ចែងប្រើប្រាស់ និងសម្រួលឱ្យប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់»។
លោក ប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម្ចាស់ក្លឹប «ម៉ៃអាមី» និងបុគ្គលិកចំនួន៦នាក់ទៀត ត្រូវបានចាប់បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធសកម្មភាពផ្តល់ទីតាំងសម្រាប់ប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀនដ៏ធំ។
បើតាមលោក ប៊ុន សត្យា ម្ចាស់ក្លឹប «ម៉ៃអាមី» មានឈ្មោះ ស្រេន វីរៈ និងបុគ្គលិកចំនួន៦នាក់ផ្សេងទៀតដូចជា មេកា និងសន្តិសុខជាដើម ដែលពាក់ព័ន្ធបទល្មើសនេះត្រូវបានកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។ គ្រឿងញៀនប្រមាណជាង១០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចរឹបអូសបាន នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទាំងយប់នៅក្លឹប «ម៉ៃអាមី»។
មន្រ្តីនគរបាលបានបញ្ជាក់ទៀតថា ក្រៅពីការរឹបអូសបានថ្នាំញៀន កម្លាំងនគរបាលក៏បានរឹបអូសបានឧបករណ៍ជក់ និងកែច្នៃយ៉ាងច្រើន នៅក្នុងក្លឹបផងដែរ ដែលក្រុមយុវជន និងជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពយ៉ាងព្រោងព្រាត។ ចំពោះម្ចាស់ក្លឹប «ម៉ៃអាមី»ម្នាក់នេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ធ្លាប់ជាប់ពន្ធនាគារចំនួន៨ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនផងដែរ ហើយចេញពីពន្ធនាគារ វិញនៅឆ្នាំ២០១៥កន្លងទៅ។
ក្លឹបកម្សាន្ត «ម៉ៃអាម៊ី» នេះស្ថិតនៅផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដែលធ្លាប់ត្រូវបានអាជ្ញាធរខណ្ឌចំការមន ចុះបិទបីលើករួចមកហើយ តែបិទមិនបានទើបពេលនេះ លោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ចុះបិទដោយផ្ទាល់តែម្តង៕