(ភ្នំពេញ)៖ ម្ដាយខឹងកូនសុំលុយ យកទៅលេងល្បែងបានសំរេចចិត្ត ចងកសម្លាប់ខ្លួន ពេលដែលកូនប្រុសដឹងថា ម្ដាយស្លាប់ ក៏បានទៅលោតសម្លាប់ខ្លួន តាមក្រោយនៅលើស្ពានអាកាសស្ទឹងមាន ជ័យ តែមិនបានសម្រេចរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះ បង្កមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៧៖៣០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភ្នំបុរីមួយកន្លែង ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះ មានឈ្មោះ ខៀវ ចាន់ស្រីណែត អាយុ៤៩ឆ្នាំ មុខរបរជាគ្រូបង្រៀន នៅសាលាភូមិ៦ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ស្នាក់នៅភូមិ កើតហេតុខាងលើ។ ចំណែកកូនប្រុសអកតញ្ញូមានឈ្មោះ ចាន់ មាស វិសាល អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅជាមួយគ្នា។
បើតាមសម្ដីរបស់ប្អូនស្រីបង្កើត នៃសពសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា គាត់ត្រូវជាប្អូនបង្កើត របស់ស្ត្រីរងគ្រោះហើយ ស្នាក់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង៨យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ កើតហេតុគាត់បានទទួលព័ត៌មាន តាមទូរស័ព្ទពីក្មួយប្រុសជីដូនមួយ ដែលស្នាក់នៅ ជាមួយបងស្រី ជាជនរងគ្រោះអ៊ុស្រី បានចងកសម្លាប់ខ្លួន ខឹងកូនប្រុសបំផ្លាញទ្រព្យសម្បត្តិ រហូតចងកនៅបន្ទប់ជាន់ទី១ ស្លាប់បាត់ហើយ។
ប្រភពព័ត៌មានបានបន្តថា ពេលដែលគាត់មកដល់ផ្ទះបងស្រី ក៏បានឃើញបងស្រីចងកពិតប្រាកដមែន ដឹងបានសួរនាំហេតុការណ៍ទៅ ក៏ក្មួយជីដូនមួយ ដែលស្នាក់នៅជាមួយគ្នា ក៏បានប្រាប់ថា ស្ត្រីជាជនរងគ្រោះ បានឈ្លោះជាមួយកូនឈ្មោះ ចាន់មាស វិសាល ព្រោះតែកូនប្រុសរូបនេះ បានសុំលុយយកទៅលេងល្បែង ហើយម្ដាយមិនព្រមឲ្យ ក៏បានឈ្លោះគ្នារយៈពេល៤ ទៅ៥ថ្ងៃមកហើយ។
ពេលនោះ ក្មួយជីដូនមួយរបស់គាត់ ក៏បានខលទៅប្រាប់បុរស ជាកូនឈ្មោះ ចាន់ មាសវិសាល ថាម្ដាយឯងខឹងបំផ្លាញលុយពេក បានចងកសម្លាប់ខ្លួនបាត់ហើយ ឲ្យប្រញាប់ត្រឡប់មកផ្ទះ កន្លះម៉ោងក្រោយមកស្រាប់តែទទួលបានព័ត៌មាន ពីនគរបាលប្រាប់ថា បុរសឈ្មោះ ចាន់ មាស វិសាល បានលោតពីលើស្ពានអាកាស ស្ទឹងមានជ័យ ប៉ុនប៉ងសម្លាប់ខ្លួនតែមិនបានសម្រេច ត្រូវបានជាពលរដ្ឋ និងសមត្ថកិច្ចជួយសង្គ្រោះទាន់ពេលវេលា និងហៅរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យលោកសង្ឃ។
ស្រ្តីជាប្អូនស្រីបង្កើតសព បន្តថា ពេលនេះ មិនដឹងមើលមួយណា ទុកមួយណាទេ មានតែចាត់ចែងបូជាសព និងរសៀលថ្ងៃទី១២ រួចរាល់ហើយ ស្នើសុំនគរបាលដឹងលឺ ចេញលិខិតមរណបូជាហើយ ក៏សូមបញ្ជាក់ដែរ មិនប្ដឹងផ្ដល់ទៅលើបុគ្គលណាទេ ដោយប្រញ្ញាប់បូជាសព បងស្រីបន្តទៅមើលក្មួយប្រុស ដែលរបួសធ្ងន់សំរាក នៅមន្ទីរពេទ្យទៀត ពេលនេះមួយគ្រួសារគាត់មានទុក្ខជាន់ទុក្ខហើយ៕