(កណ្ដាល)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងប្រធាននាយកដ្ឋានបុគ្គលិក បានលើកឡើងថា មន្ត្រីនគរបាលជាតិ ត្រូវទទួលខុសត្រូវលើកាតព្វកិច្ចខ្លួនឲ្យបានល្អ ពិសេសគោលនយោបាយទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ចៀសវាងគិតតែរឿងប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក។
ក្នុងពិធីបំពាក់ឋានន្ដរស័ក្ដិជូនមន្ដ្រីនគរបាលខេត្តកណ្ដាល និងនគរបាលតាមបណ្ដាខេត្តមួយចំនួនទៀត នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានបញ្ជាក់ថា ចំពោះបញ្ហាដោះស្រាយនៅតាមមូលដ្ឋាន ឬការងារផ្សេងៗទៀត មន្ត្រីនគរបាលថ្នាក់ក្រោមត្រូវដោះស្រាយឲ្យបានល្អ និងឲ្យមានប្រសិទ្ធភាព។
នាយឧត្តមសេនីយ៍សង្កត់ធ្ងន់ថា មិនត្រូវឲ្យបញ្ហាបន្ដិចបន្តួចនៅតាមមូលដ្ឋាន ក្លាយជារឿងថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋនោះទេ ហើយក៏កុំចាំតែថ្នាក់លើ ព្រោះថ្នាក់លើបានដាក់កាតព្វកិច្ចឲ្យខាងក្រោមដោះស្រាយហើយ គឺធ្វើឲ្យបានល្អបើរឿងណាធំដោះស្រាយមិនចេញ ចាំទៅថ្នាក់លើដោះស្រាយបន្ត ចៀសវាងផ្អាប់រឿងទុក និងបង្កភាពក្ដៅក្រហាយដល់ពលរដ្ឋ។
នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានបញ្ជាក់ថា មន្ដ្រីនគរបាលត្រូវហ៊ានទទួលគ្រប់ការតិទៀន មិនថាល្អ ឬអាក្រក់យ៉ាងណាក៏ដោយ កុំខឹងប្រជាពលរដ្ឋ ត្រូវទទួលយកហើយយកមកគិត និងដោះស្រាយ។ ខណៈអ្នកខ្លះតិចទៀនតាមបែបស្ថាបនា ខ្លះតាមបែបវាយបំបាក់ ហើយកុំចង់បានតែការសរសើរ ព្រោះអាចធ្វើឲ្យភ្លេចខ្លួន។
បន្ថែមពីនេះ អគ្គស្នងការរងនគរបាលជាតិ ក៏បានជំរុញឲ្យគ្រប់អង្គភាពទាំងអស់ ត្រូវអនុវត្តតាមវិធានការណ៍ការពារជំងឺ COVID-19 តាមការណែនាំរបស់ក្រសួងសុខាភិបាល និងជួយអប់រំផ្សព្វផ្សាយទៅតាមមូលដ្ឋានរៀងៗ ខ្លួនជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល ក៏បានលើកឡើងដែរថា ការបំពេញនូវកាតព្វកិច្ចខ្លួនសូមធ្វើឲ្យបានល្អ សហការគ្នាល្អ គោរពតួនាទីរបស់ខ្លួន និងសូមកុំតាំងខ្លួនជាតួឯក កុំចង់បានគុណស្រ័យពីគេតែត្រូវដឹងគុណប្រជាពលរដ្ឋដែលសរសើរខ្លួន ហើយពេលណាពលរដ្ឋសរសើរ គឺពិតជាលឺដល់ថ្នាក់លើ នោះថ្នាក់លើគេនឹងតំលើងឋានន្តរសក្ដិឲ្យជាមិនខាន។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបន្ថែមទៀតថា មន្ត្រីនគរបាលជាតិនៅខេត្តកណ្ដាល ដែលទើបឡើងឋានន្តសក្ដិ ត្រូវតែអនុវត្តន៍នូវកាតព្វកិច្ច ការងាររបស់ខ្លួនឲ្យបានល្អឥតខ្ចោះ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានម៉ឺងម៉ាត់ ពិសេសត្រូវតែធ្វើការបង្ក្រាបឲ្យបានជាដាច់ខាតនូវ រាល់ទង្វើអបាយមុខផ្សេងៗ៕