(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន អំពាវនាវឲ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ថែរក្សា សុខភាព និងធ្វើអនាម័យជាប្រចាំកុំភ្លេចពីបញ្ហាជំងឺឆ្លង COVID-19 ដែលកំពុង ឆ្លងរីករាលដាល ជាសកលលោក ជាពិសេសរលកទី២ ដែលកំពុងតែផ្ទុះឡើងកាន់តែខ្លាំងនៅលើសកលលោក។

លោក ថេង សុថុល បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ ខណៈចុះសាកសួរសុខទុក្ខ និងចែកសៀវភៅស្នាក់នៅដល់ពលរដ្ឋប្រមាណ១០១គ្រួសារ រស់នៅក្នុងភូមិ៤ ភូមិ៥ សង្កាត់ផ្សារដើមថ្លូវ ខណ្ឌចំការមន នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ។ ក្នុងនោះលោក ថេង សុថុល ក៏បានផ្តល់ក្រមាម្នាក់១ និងទឹកអាល់កុល សម្រាប់ចែកជូនសហគមន៍ផងដែរ។

លោក ថេង សុថុល បានបន្តថា សូមឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ព្រោះជំងឺនេះនៅមិនទាន់បញ្ចប់នៅឡើយទេ ជាពិសេសប្រសិនណាយើងធ្វេសប្រហែសវា អាចឆ្លងមកក្នុងសហគមន៍ ធ្វើឲ្យអាជ្ញាធរពិបាកក្នុងការគ្រប់គ្រង ត្រូវបន្តពាក់ម៉ាស់ និងលាងដៃជាប្រចាំអោយបានញឹកញាប់។

លោក ថេង សុថុល បានបន្ថែមថា ក្នុងនាមជាអាជ្ញាធរ គឺដាច់ខាតមិនទុកឲ្យប្រជាពលរដ្ឋនៅឯកាទេ គឺមានក្រុមការងារថ្នាក់ភូមិ សង្កាត់តែងតែចុះពិនិត្យមើលសុខទុក្ខ ការខ្វះខាតជីវភាពរបស់ ប្រជាពលរដ្ឋក្នុងសហគមន៍ តាមការណែនាំរបស់អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដូច្នេះសូមឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងស្តាប់តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពីវិធានការណ៍ការពារ និងទប់ស្កាត់នៃជំងឺកូវីដ១៩នេះ។

គួរបញ្ជាក់ថា គិតត្រឹមម៉ោងគិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៧លាន ៥សែន ៨ម៉ឺន៣ពាន់៥២១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤សែន២ម៉ឺន៣ពាន់០៨២នាក់ និងជាសះស្បើយឡើងវិញ ៣លាន៨សែន៣ម៉ឺន៣ពាន់១៦៦នាក់។ ក្នុងនោះប្រទេសដែលមានអ្នកស្លាប់ និងឆ្លងច្រើនជាងគេគឺ សហរដ្ឋអាមេរិកទី២គឺប្រទេសប្រេស៊ីល និងទី៣គឺប្រទេសរស្ស៊ី៕