(កំពង់ឆ្នាំង)៖ នៅក្នុងខេត្តកំពង់ឆ្នាំងមានស្រុកចំនួន៨ ក្នុងនោះស្រុកទឹកផុស ដែលមានដីប្រកបទៅដោយសក្តានុពលផ្នែកដំណាំកសិកម្ម ភាគច្រើនគឺដំណាំហូបផ្លែ គឺចាប់តាំងពីក្រុមនិស្សិត បានចុះវាស់វែងនិងផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាកសិកររួចមក ដូច្នេះប្រជាកសិករយើងមានដីច្រើនសម្រាប់ធ្វើកសិកម្ម ភាគច្រើគឺការដាំ ដំណាំហូបផ្លែនៅតាមតំបន់ផ្សេងៗ ដែលសម្បូរប្រភពទឹកសម្រាប់ស្រោចស្រព។
ខាងលើនេះគឺជាការបញ្ជាក់របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលលោកបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ។
ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោក សាយ សន្យា អ្នកយកព័ត៌មាននៃអង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង បានធ្វើដំណើរទៅដល់ចម្ការមានក្រអូប របស់ប្រជាកសិករមួយកន្លែង ស្ថិតនៅជើងភ្នំរលាបគុយ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅទីនោះប្រជាកសិករយើងបានដាំដំណាំហូបផ្លែជាច្រើន ពិសេសគឺដំណាំមានក្រអូប ដែលជាប្រភេទផ្លែមានម្យ៉ាងមានផ្លែធំៗ សាច់ក្រាស់ គ្រាប់តូចៗ មានរសជាតិផ្អែម និងមានក្លិនក្រអូបឈ្ងុយ ត្រូវបានប្រជាពលរដ្ឋទូទៅ និយមចូលចិត្តទទួលទានផងដែរ។
បងស្រីម្ចាស់ចម្ការ បានឲ្យដឹងថា ពូជមានក្រអូបនេះ គាត់បានយកពូជមកពីខេត្តពោធិ៍សាត់មកដាំ។ បងស្រីមានចំនួន២០០ដើម ដោយបានដាំរយៈពេលជាង២ឆ្នាំមកហើយ និងបានទទួលផល២ដង មកហើយដែរ ផ្លែមានដែលឃើញមានការ រុំស្រោបដូចនេះ គឺការពារកុំឱ្យសត្វមកស៊ីបំផ្លាញនៅពេលយប់ ពិសេសសម្បូរសត្វដង្ហែន និងសំពោច ដែលវាតែងតែមកស៊ីបំផ្លាញជារៀងរាល់យប់ ព្រោះនៅទីនេះជាតំបន់ជាប់ជើងភ្នំ សំបូរសត្វព្រៃច្រើន វាតែងមកបំផ្លាញផលដំណាំរបស់យើង បើយើងមិនការពារវាទេនោះ។
ផ្លែមៀនដែលយើងឃើញនេះ គឺនៅមិនយូរថ្ងៃប៉ុន្មានទៀតទេ យ៉ាងយូរខែក្រោយគឺល្មមបេះយកទៅលក់បានហើយ ឯទីផ្សារវិញមិនពិបាកនោះឡើយ គឺមានអតិថិជនទូរសព្ទមកកម្មង់ទិញឲ្យតែ ដល់ពេលបេះ រីឯតម្លៃវិញគឺលក់បានក្នុងមួយគីឡូក្រាមមួយម៉ឺនរៀល ដោយមិនពិបាកដឹកដើរលក់នោះឡើយ គាត់អាចបេះម្តងបានពី ១០០ ទៅ ១៥០គីឡូក្រាម។
បងស្រីក៏បានផ្ដាំផ្ញើដល់ប្រជាកសិករយើង សូមកុំឲ្យអស់សង្ឃឹមក្នុងការប្រកបមុខរបរដាំដំណាំកសិកម្មផ្សេងៗ ព្រោះការដាំដំណាំកសិកម្មគ្រប់ប្រភេទ គឺគ្មានត្រូវការអ្វីក្រៅអំពីត្រូវចេះប្រើជីសរីរាង្គ ដែលជាជីធម្មជាតិរបស់ខ្មែរយើងនោះឡើយ ព្រោះជីធម្មជាតិនេះវាអាចបំប៉នឬសគល់ និងផ្លែបានល្អផង និងក៏អាចការពារសត្វល្អិត និងដង្កូវដួងមកបំផ្លាញដើមរបស់វាបានផងដែរ ហើយការដាំដំណាំ កសិកម្មនេះទៀតសោត បងស្រីបានឱ្យដឹងដែរថា សំខាន់បំផុតគឺត្រូវតែមានប្រភពទឹកជាចម្បង ចំពោះស្ថានភាពដីវិញ គឺជារឿងបន្ទាប់បន្សំនោះទេ ឲ្យតែយើងមានបទពិសោធន៍ និងបច្ចេកទេស នៃការដាំដុះគ្រប់គ្រាន់ និងយល់ដឹងពីវិធីនៃការថែទាំដំណាំ នោះយើងនឹងទទួលបានជោគជ័យជាមិនខានឡើយ៕