(ក្រចេះ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានជំរុញឲ្យមន្រ្តី នៃមន្ទីរសុខាភិបាល និងអាជ្ញាធរទូទាំងខេត្តក្រចេះ ត្រូវទទួលខុសត្រូវ និងរួមសហការគ្នាដើម្បីធ្វើការទប់ស្កាត់ កុំឲ្យកើតមានការឆ្លងជំងឺកូវីដ១៩ ដែលជារលកទី២ នៅក្នុងខេត្តនេះ។
លោកស្រីក៏ស្នើឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវនាំគ្នា កម្ចាត់សំបុកមូសខ្លា តាមផ្ទះនីមួយៗឲ្យបានស្អាត ព្រោះរដូវនេះជិតដល់ពេលគ្រុនចាញ់ និងគ្រុនឈាមកើតមានទៀតហើយ។
ការជំរុញបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកស្រី និងលោកស្រី Ailan Li ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា អញ្ជើញបើកកិច្ចប្រជុំមួយ ដែលមានការចូលរួមពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ អង្គការដៃគូជាតិ និងអង្គការអន្តរជាតិ មន្រ្តីនៃមន្ទីរសុខាភិបាល ព្រមទាំងក្រុមវេជ្ជបណ្ឌិតជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តក្រចេះ។
ក្នុងឱកាសនោះដែរ លោក វ៉ា ថន បានសម្ដែងនូវការស្វាគមន៍ ចំពោះវត្តមានលោកស្រីរដ្ឋលេខាធិការ និងលោកស្រីប្រធានអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ដែលបានឆ្លៀតពេលដ៏មមាញឹក អញ្ជើញចុះបេសកម្មនៅខេត្តក្រចេះ ដើម្បីពិភាក្សា ស្ដីអំពីវិធានការ បង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។
លោកបានលើកក្នុងអង្គប្រជុំថា រដ្ឋបាលខេត្តក្រចេះ បានអនុវត្តន៍យ៉ាងពេញលេញតាមការណែនាំ បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួង-ស្ថាប័នថ្នាក់ជាតិ និងអង្គការសុខភាពពិភពលោក និងបានដាក់ចេញនូវវិធានការ ជាបន្តបន្ទាប់ រួមមាន៖
*ទី១៖ បង្កើតគណៈកម្មការ និងលេខាធិការដ្ឋានដើម្បីប្រយុទ្ធនឹងកូវីដ-១៩។
*ទី២៖ បង្កើតក្រុមការងារ ប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដើម្បីតាមដានស្ថានភាពការវិវត្តន៍កូវីដ-១៩។
*ទី៣៖ បង្កើតក្រុមការងារថ្នាក់ខេត្តដើម្បីជួយសម្របសម្រួលការទទួលប្រជាពលរដ្ឋកម្ពុជា និងការដឹកជញ្ជូនទំនិញតាមព្រំដែនជាមួយប្រទេសវៀតណាម ដើម្បីបញ្ជៀសបញ្ហាកូវីដ-១៩។
*ទី៤៖ បង្កើតក្រុមការងារ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋមកពីប្រទេសថៃ ដែលឆ្លងកាត់តាមបណ្ដាខេត្តជាប់ព្រំដែនមកកាន់លំនៅឋាន ក្នុងភូមិសាស្រ្តខេត្តក្រចេះ។
*ទី៥៖ រដ្ឋបាលខេត្តដែលមានគណៈកម្មការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងកូវីដ១៩ បានតៀមសម្ភារ ម៉ាស អាកុល ជែលលាងដៃ, ស្រោមដៃ, ថ្នាំសម្លាប់មេរោគ, ក្លរ, សាប៊ូ ខិតបណ្ណផ្សព្វផ្សាយ និងសម្លៀកបំពាក់ការពារកូវីដ១៩ មួយចំនួនធំ ហើយបានផ្សព្វផ្សាយជូនក្រុង ស្រុក ព្រមទាំងបានត្រៀមរួចជាស្រេច នូវការកាត់ទុកកញ្ចប់ថវិកាចំនួន ៥០០.០០០.០០០រៀល សម្រាប់ត្រៀមអន្តរាគមន៍ក្នុងការងារនេះ។
លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ក្នុងការទប់ស្កាត់នៃការរីករាលដាលកូវីដ១៩ និងបានផ្ដួចផ្ដើមគ្រប់មធ្យោបាយ ដើម្បីរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច ជាពិសេសការគាំទ្រលើវិស័យឯកជន ការដោះស្រាយប្រជាពលរដ្ឋក្រីក្រ ខ្វះខាត ការឧបត្ថម្ភកម្មករនយោជិត ការបន្ធូរបន្ថយដល់អ្នកវិនិយោក្នុងស្រុក និងឧបត្ថម្ភជនក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ធ្វើឲ្យប្រជាពលរដ្ឋទូទាំងខេត្តក្រចេះ ពុំមានជួបផលលំបាកនោះទេ។
លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ខេត្តក្រចេះ គឺជាគោលដៅទេសចរណ៍មួយយ៉ាងសំខាន់ ប្រចាំភាគឥសាននៃប្រទេសកម្ពុជា ដែលសព្វថ្ងៃខេត្តមួយនេះ ត្រូវបាននិងកំពុងមានលំហូរចូលភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ហើយអ្នកទេសចរជាច្រើន ដែលកំពុងសម្រុកចូលមកលេងនៅខេត្តនេះ មានការធ្វេសប្រហែស ដោយពុំបានពាក់ម៉ាស ឲ្យបានត្រឹមត្រូវនោះទេ។ កត្តានេះហើយ ដែលលោកស្រីបានធ្វើការអំពាវនាវដល់ភ្ញៀវចូលមកកម្សាន្តទីនេះក្តី និងទីផ្សេងៗក្តី កុំលែងដៃ ឬធ្វេសប្រហែសឲ្យសោះ។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា «ចូរយើងកុំភ្លេចកូវីដ១៩ ព្រោះកូវីដ១៩ មិនភ្លេចយើងទេ»។ សូមជម្រាបថា ក្នុងគោលបំណងចម្បង បេសកកម្មរបស់លោកស្រី ឱ វណ្ណឌីន និងលោកស្រី Ailan Li ទាក់ទងនឹងការជំរុញក្នុងការទប់ស្កាត់ ការផ្ទុះឡើងរលកទី២ នៃជំងឺកូវីត១៩ និងកំចាត់គ្រុនចាញ់ ក្នុងខេត្តក្រចេះ។
ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវ និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ កុំភ្លេចការធ្វើអនាម័យឲ្យបានត្រឹមត្រូវ ដោយលាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ដោយអាល់កុល ឬជែល ពាក់ម៉ាសឲ្យបានត្រឹមត្រូវ ការអនុវត្តគម្លាតបុគ្គល និងសង្គមឲ្យបានល្អប្រសើរ។
លោកស្រីទទួចជំរុញឲ្យប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ មន្រ្តីជំនាញ និងអាជ្ញាធរ ឲ្យណែនាំចំពោះម្ចាស់ ភោជនីយដ្ឋាន តាមរមណីយដ្ឋាន ផ្ទះសំណាក់ អូតែល ឲ្យមានការធ្វើអនាម័យឲ្យបានល្អជាប្រចាំ តាមការណែនាំពីមន្រ្តីសុខាភិបាល និងអាជ្ញាធរ ជាពិសេសតម្រូវឲ្យមានការចូលរួមសហការពីសហគមន៍ផងដែរ៕