(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំដល់អភិបាលរាជធានី-ខេត្ត ឱ្យបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ តាមមូលដ្ឋានជាធម្មតាឡើងវិញ ដោយមានការជួបជុំមិនឱ្យលើសពី៥០នាក់។ នេះបើតាមលិខិតរបស់ សម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
នៅក្នុងលិខិតនោះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ស្ថានភាពនៃការរាតត្បាតនៃជំងឺកូដ១៩ នៅលើសកលលោក និងនៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជា បានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម រួមទាំងបានប៉ះពាល់ដល់កិច្ចដំណើរការនៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលសាធារណៈទាំងមូល ក្នុងនោះបានប៉ះពាល់ដល់ដំណើរការគ្រប់គ្រង និងចាត់ចែងកិច្ចការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជាដំណើរការរៀបចំកិច្ចប្រជុំនានា ការរៀបចំវេទិកាសាធារណៈ និងការចូលរួមរបស់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហា ប្រឈម សំណើ សំណូមពរ និងការឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងគោលដៅលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចល្អ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
សម្តេចបានបន្តថា ក្នុងបរិបទខាងលើនេះ ដើម្បីបន្តជំរុញឱ្យការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដំណើរការដោយរលូន មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងសម្រេចបានលទ្ធផលតាមការរំពឹងទុក ព្រមទាំងរួមចំណែកក្នុងការបង្ការទប់ស្កាត់ការរោតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួន ដូចខាងក្រោម ៖
* ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅតាមមូលដ្ឋាននីមួយៗជាធម្មតា ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
* ចំពោះសមាសភាពចូលរួមវេទិកានេះ ត្រូវរៀបចំតាមរូបភាពតូចៗដោយកំណត់តំណាងអ្នកចូលរួមមួយលើកៗមិនលើសពី៥០នាក់ និងត្រូវអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរោតត្បាត នៃជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានហ្មត់ចត់ ដូចជា៖ មានការត្រួតពិនិត្យកំដៅ មានទឹកអាល់កុង ឬជែលសម្រាប់លាងដៃ ត្រូវពាក់ម៉ាស ឬប្រើក្រមា កន្សែង រក្សាគម្លាតសុវត្តិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល។
* រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវអញ្ជើញសមាសភាពតំណាងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន និងតំណាងក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីចូលរួមក្នុងវេទិកានេះ។
* ទន្ទឹមនេះ រដ្ឋបាលរាជធានី ខេត្តត្រូវធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឱ្យអនុវត្តវិធានការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីធ្វើអនាម័យជាប់ជាប្រចាំ តាមការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់កាតត្បាតនៃជំងឺកូវីដ-១៩៕
ខាងក្រោមនេះជាសេចក្តីណែនាំរបស់សម្តេចក្រឡាហោម ស ខេង៖