(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ខេត្តព្រះសីហនុ អាកាសធាតុលើផ្ទៃសមុទ្រមេឃនៅតែមានភាពអ៊ួរអាប់ មានភ្លៀងធ្លាក់ស្ទើរគ្រប់កន្លែង ខ្យល់បក់បង្គួរ និងទឹករលកនៅចន្លោះឃ្លងបង្គួរ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា លោកបានដាក់បទបញ្ជាដល់កម្លាំងនគរបាលទេចរណ៍ និងនគរបាលចរាចរផ្លូវទឹកឲ្យជានិច្ច ត្រូវពង្រឹងគោលដៅ និងណែនាំភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចុះលេងទឹកសមុទ្រនៅតាមឆ្នេរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កុំចុះលេងឃ្លាតឆ្ងាយពីមាត់ឆ្នេរ ត្រឹមរយៈចម្ងាយ០៥ម៉ែត្រចុះ និងបានហាមមិនឲ្យក្មេងតូចៗ (អាយុប្រហែល៧ឆ្នាំចុះ) ចុះលេងទឹក ដោយហេតុថា នេះជារដូវភ្លៀងអាចមានរលកធំៗ ខ្យល់បក់ខ្លាំងជាយថាហេតុ។

លោកឧត្តមសេនីយ៍ស្នងការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ សូមយកចិត្តទុកដាក់ស្តាប់ការណែនាំ ពីមន្ត្រីជំនាញទាំងអស់ដើម្បីជាសផុតពីឧបទ្ទវហេតុផ្សេងៗ៕