(រតនគិរី)៖ ដើម្បីឆ្លើយតបតាមតម្រូវការជីវភាពរបស់ប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះជាជនចាស់ជរា ជនពិការមានការខ្វះខាត នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុងការងារ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនជនងាយរងគ្រោះ ចាស់ជរា ជនពិការ និងគ្រួសារក្រីក្រចំនួន ៣០គ្រួសារ នៅឃុំចំនួន៣ ក្នុងស្រុកលំផាត់ រួមមាន៖ ឃុំល្បាំងមួយ១០គ្រួសារ, ឃុំល្បាំងពីរ១០គ្រួសារ និងឃុំប៉ាតាង១០គ្រួសារ។

មានសំណេះសំណាលជាមួយពុកម៉ែបងប្អូនប្រពលរដ្ឋដែលមកទទួលអំណោយនៅទីតាំង៣កន្លែងខាងលើនេះ លោក ថង សាវុនបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកបន្តថា អំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនពុកម៉ែបងប្អូននាពេលនេះ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ពុកម៉ែបងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្ត ទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំពិសេស គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល» «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»

ឆ្លៀតឱកាសនេះ លោក ថង សាវុន បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការចូលរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ បន្ថែមលើនេះទៀតលោក ថង សាវុន ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ តាមរយៈរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ហើយក៏ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កបង្កើនផល ដំណាំរួមផ្សំផ្សេងៗ ដើម្បីឱ្យជីវភាពមានលក្ខណៈសមរម្យ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សូមបញ្ជាក់ថា អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនជនងាយរងគ្រោះជាជនចាស់ជរា គ្រួសារទីទ័លក្រទាំង ៣០គ្រួសារនាពេលនេះ ក្នុងមួយគ្រួសារអង្ករ ២៥ គីឡូ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ខោអាវ១កញ្ចប់ និងថវិកាមួយចំនួន។ ដោយឡែកគ្រួសាររងគ្រោះធម្មជាតិរន្ទះបាញ់ ១គ្រួសារ ទទួលបានដូចគ្នានេះផងដែរ៕