(ភ្នំពេញ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្អូនស្រី ព្រុំ ឆោមសាយឿន រួមជាមួយប្អូនៗ និងកូនចៅទាំងអស់ ព្រមទាំងក្រុមញាតិគ្រួសារ បានថ្លែងអំណរគុណប្រគេនព្រះថេរានុថេរៈ និងជូនចំពោះថ្នាក់ដឹកនាំ បងប្អូនពុទ្ធបរិស័ទ និងញាតិមិត្តជិតឆ្ងាយ ដែលបានចូលរួមរំលែកមរណទុក្ខ និងចូលរួមពិធីបុណ្យសព លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ចាន់ ស៊ីវ៉ាន់ថា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលទទួលមរណភាពកាលពីថ្ងៃសៅរ៍ទី១៣ ខែមិថុនា ឆ្នាំ២០២០ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។
ក្នុងនោះ លោករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណចំពោះការចូលរួមប្រកបដោយកាយវិការសន្តោសប្រណី និងពោរពេញទៅដោយសទ្ធាជ្រះថ្លា ស្មោះស្ម័គ្រនៅក្នុងពិធីបុណ្យទក្ខិណានុប្បទានទាំងនៅគេហដ្ឋាន ក៏ដូចជាពិធីដង្ហែទៅធ្វើឈាបនកិច្ចនៅវត្តជ្រោយអំពិល ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានញ៉ាំងឲ្យពិធីបុណ្យសព បានប្រព្រឹត្តទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា យ៉ាងមហោឡារិកអធិកអធមជាទីបំផុតដែលនេះ គឺជាកាយវិការប្រកប ដោយសមានចិត្តស្រលាញ់រាប់អានដ៏ជ្រាលជ្រៅក្រុមគ្រួសាររបស់លោក។
លោក ព្រុំ សុខា រួមជាមួយក្រុមគ្រួសារ សូមបួងសួងគុណព្រះរតនត្រៃ និងវត្ថុស័ក្កសិទ្ធិក្នុងលោក ជួយបីបាច់ថែរក្សាព្រះថេរានុថេរៈ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី បងប្អូនពុទ្ធបរិស័ទ និងញាតិមិត្តជិតឆ្ងាយទាំងអស់ សូមប្រកបដោយសេចក្តីសុខសេចក្តីចម្រើនគ្រប់ប្រការ និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕