(កំពង់ឆ្នាំង)៖ ជីវិតតស៊ូ និងការខំប្រឹងប្រែងដោយមិនពឹងទៅលើកម្លាំងអ្នកដទៃ នឹងមិនផ្តេកផ្ដួលទៅតាមវ័យរបស់តាយាយមួយគូរនេះ គឺកំពុងទទួលបានការកោតសរសើរ និងស្ញប់ស្ញែង ពីសំណាក់មហាជនជាច្រើននៅក្នុងភូមិស្រុក ហើយក៏ជាភាពដ៏អស្ចារ្យមួយផងដែរ ដែលកម្រនឹងមានក្នុងវ័យដូចពួកគាត់ទៅហើយ ក្នុងសម័យកាលនេះ ដែលអាចធ្វើការងារឡើងត្នោត ដែលជាការងារដ៏លំបាកនេះបាន។
លោកតា គង់ យុង អាយុ៧៩ឆ្នាំ មានទីលំនៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានភរិយាឈ្មោះលោកយាយ ចាន់ រ៉េត អាយុ៧៦ឆ្នាំ មានកូន៩នាក់ (បែកមានគ្រួសារអស់ហើយ)។ តាយាយមួយគូនេះបច្ចុប្បន្ន លោកតាមានមុខរបរឡើងត្នោត រីឯលោកយាយមានមុខរបរធ្វើក្អមឆ្នាំង មុខរបររបស់លោកតា និងលោកយាយទាំងពីរនាក់ បច្ចុប្បន្នពួកគាត់អាចរកប្រាក់កម្រៃបានសមល្មម និងដោះស្រាយជីវភាពបាន និងប្រាក់មួយចំណែកទៀត ក៏អាចចំណាយធ្វើបុណ្យទាន និងសមាទានសីលទាំងពីរនាក់តាយាយ ជារៀងរាល់ថ្ងៃសីល ថែមទាំងចូលរួមកាន់វេណរៀបចង្ហាន់លោកក្នុងវត្ត ក្នុងមួយខែពីរដងទៀតផង។
ការខិតខំប្រឹងប្រែងរកប្រាក់របស់តាយាយទាំងពីរនាក់ ដែលមិនពឹងលើកម្លាំងអ្នកដទៃខាងលើនេះ ក៏អាស្រ័យទៅលើសុខភាពរបស់ពួកគាត់បច្ចុប្បន្ន ដែលនៅមានភាព រឹងមាំ អាចធ្វើការងាររកស៊ីបាន បើទោះជាពួកគាត់មានវ័យចាស់ណាស់ទៅហើយក៏ដោយ ពួកគាត់នៅតែមានភាពអត់ធ្មត់តស៊ូក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ដោយមិនទាន់ពឹង ទៅលើការជួយឧបត្ថម្ភពីកូនចៅរបស់គាត់ទាំងស្រុង នៅឡើយនោះទេ នេះគឺជាគំរូដ៏ល្អមួយដែលគួរឲ្យស្ងប់ស្ងែង និងកោតសរសើរផងដែរ។
ជួបជាមួយនឹងភ្នាក់ងារអង្គភាពព័ត៌មាន Fresh News លោកតាបានរៀបរាប់នៅក្រោមដើមត្នោតកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ឲ្យដឹងថា លោកតាមានអាយុ៧៩ឆ្នាំហើយ លោកតាបានចាប់យកមុខរបរឡើងត្នោតនេះគឺមានរយៈពេលប្រាំឆ្នាំមកហើយដែរ មុននឹងលោកតា មកចាប់យកមុខរបរឡើងត្នោត លោកតាបានដើរលក់ក្អមឆ្នាំងអស់រយៈពេលជាច្រើនឆ្នាំ ក្រោយមកក៏បានមកចាប់យកមុខរបរឡើងត្នោតនេះវិញម្ដង ការឡើងត្នោតនេះផងដែរ កាលពីដើមដៃលោកតាបានឡើងរហូតទៅដល់១០ ដើម បើគិតជាបំពង់មាន៤០បំពង់គឺឡើងក្នុងមួយថ្ងៃពីរដង ព្រឹកនិងល្ងាច ដោយបានស្ករពី៤ ទៅ៥គីឡូក្រាម សម្រាប់ទឹកត្នោតពេលព្រឹក រីឯទឹកត្នោតពេលល្ងាចបានប្រមាណជាង១គីឡូក្រាមតែប៉ុណ្ណោះ។
ដោយឡែកបច្ចុប្បន្នគឺនៅសល់តែប្រាំដើមទេ បើគិតជាបំពង់មានតែ២០បំពង់ ដោយមួយថ្ងៃបានស្កតែមួយគីឡូក្រាមប៉ុណ្ណោះ ត្នោតទាំងនេះលោកតាមិនទាន់ចោលវាទេ ព្រោះស្ដាយវានៅមាន ទឹកចេញនៅឡើយ រីឯតម្លៃស្កវិញ លក់បានក្នុងមួយគីឡូក្រាម៥ពាន់រៀល ពាក់ព័ន្ធទៅនឹងសុខភាពរបស់លោកតាបច្ចុប្បន្ន។
លោកតាក៏បានឲ្យដឹងដែរថា បច្ចុប្បន្ននេះគាត់មានសុខភាពរឹងមាំដោយមិនដែលគ្រុនរងា ឬក៏ឈឺក្បាលវិលមុខអ្វីនោះទេ តែយ៉ាប់ឈឺចង្កេះបន្តិចតែមិនជាអ្វីធ្ងន់ធ្ងរឡើយ គាត់អាចនៅធ្វើការងារ នេះបាន ការឡើងត្នោតនេះនៅពេលមានភ្លៀងខ្យល់ខ្លាំងក៏លោកតាមិនហ៊ានឡើងដែរ។
ការងារឡើងត្នោតរបស់លោកតាសព្វថ្ងៃនេះ គឺមានការលំបាកខ្លះដែរ ដោយភារៈទាំងអស់នេះគឺលោកតាជាអ្នកធ្វើដោយខ្លួនឯងទាំងអស់ ទីមួយមុននឹងទៅឡើង ត្នោតគឺត្រូវដុតភ្លើងអប់បំពង់ ជាមុនសិន បន្ទាប់មកកាប់ពពេលដាក់បំពង់ នៅពេលដែលយកទឹកត្នោតមកដល់ផ្ទះវិញ លោកតាត្រូវពុះអុស ហើយបង្កាត់ភ្លើងរំងាស់ស្ករត្នោតដោយខ្លួនឯង ដោយមិនហ៊ានសម្រាក ឬក៏ដេកឲ្យលង់លក់នោះទេ ដោយនៅថែរភ្លើងត្នោតឲ្យឆេះជាប់រហូត នៅពេលទឹកត្នោតរំងាស់រីងកើតទៅជាស្ករហើយនោះ ទើបលោកតាលើកខ្ទះត្នោតចុះមកក្រោម ហើយវាត់ស្កនោះរហូត ទាល់តែរឹងក្លាយទៅជាស្ករ ទើបចាក់ចូលទៅក្នុងពីដុងជាការស្រេច នៅពេលបញ្ចប់ការងារទុកដាក់ស្កររួចរាល់ហើយ។
បន្ទាប់មកក៏ដល់ពេលចាប់បំពង់អប់ និងកាប់ពពេលដាក់បំពង់រែកសំដៅទៅដើមត្នោតជាបន្តទៀត ដូច្នេះពុំសូវមានពេលបានសម្រាកគ្រប់គ្រាន់នោះឡើយ តែទោះជាយ៉ាងនេះក៏ដោយលោកតាថា ឆ្នាំក្រោយទៀតលោកតា នឹងបន្តប្រកបមុខរបរឡើងត្នោតនេះជាបន្តទៀតផងដែរ។
ចំណែកលោកយាយឯណាវិញ ក៏បានប្រាប់ឲ្យដឹងដែរថា លោកយាយឆ្នាំនេះលោកយាយមានព្រះជន្ម៧៦ឆ្នាំហើយ សព្វថ្ងៃនេះលោកយាយក៏មមាញឹកក្នុងការធ្វើក្អមឆ្នាំងផងដែរ គឺការងារក្អមឆ្នាំងនេះលោកយាយជាអ្នកទទួលភារៈដោយខ្លួនឯងទាំងស្រុង ទាំងការដុតចម្អិនក្អមឆ្នាំងឲ្យឆ្អិន បុកដីឆ្នាំង រែងដីជាដើម គឺជាកិច្ចការរបស់លោកយាយ។
លោកយាយក៏បានឱ្យដឹងដែរថា លោក យាយចេះធ្វើក្អមឆ្នាំងតាំងពីលោកយាយនៅអាយុ១២ឆ្នាំមកម្ល៉េះ សព្វថ្ងៃនេះគាត់ធ្វើឆ្នាំងបានមួយថ្ងៃ១០ នៅពេលដុតឆ្អិនលក់បានមួយតម្លៃ១០០០ រៀល បានប្រាក់នេះផ្សំជាមួយតា ដើម្បីទុកសម្រាប់ធ្វើបុណ្យទាននឹងគេ។
ចំណែកប្រាក់កាសដែលកូនចៅបានជួយឧបត្ថម្ភមកខ្លះៗនោះ គឺទុកសម្រាប់ដោះស្រាយជីវភាពពីរនាក់តាយាយដូច្នេះការរស់នៅសព្វថ្ងៃនេះបើទោះជាមិនសូវមានជីវភាពធូរធារដូចគេក៏ពិតមែន តែក៏អាចរស់បានសមរម្យដូច គេដូចឯង ក្នុងភូមិផងដែរ ដោយលោកតានិងលោកយាយបានតាំងចិត្តថា ដរាបណាពួកគាត់នៅមានសុខភាពរឹងមាំដូចសព្វថ្ងៃ ពួកគាត់នឹងមិនផ្តេកផ្តួលទៅតាមវ័យនោះទេ គឺត្រូវតែប្រឹងប្រែងធ្វើ ដោយមិនទុកពេលឲ្យនៅទំនេរនោះឡើយ ហើយការដែលមិននៅស្ងៀមទាំងនេះ វាក៏អាចផ្ដល់នូវសុខភាព ដល់រាងកាយរបស់ពួកគាត់ឱ្យមានអាយុវែងផងដែរ៕