(ភ្នំពេញ)៖ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មឱ្យកាន់តែរស់រវើក និងរីកធំធាត់ថែមទៀតនោះកម្ពុជា និងកូរ៉េខាងត្បូង កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ បានបើកការសិក្សាលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ។ បន្ទាប់ពីបានសិក្សាពីលទ្ធភាពជាមួយគ្នាអស់ជាច្រើនខែ ការចរចាជាផ្លូវការឈានទៅបង្កើតកិច្ចព្រមព្រៀងនេះ គ្រោងនឹងចាប់ផ្តើមនៅក្នុងខែកក្កដា ឆ្នាំ២០២០នេះហើយ។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានរំលឹកថា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកស្រី យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមការសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។
លោក ស៊ាង ថៃ បានបន្ថែមថា បន្ទាប់ពីមានការចុះហត្ថលេខាបើកផ្លូវនោះមក ក្រុមការងារនៃប្រទេសទាំងពីរ បានជួយពិភាក្សាគ្នាជាបន្តបន្ទាប់ ហើយបានមើលឃើញថា ការធ្វើពាណិជ្ជកម្មសេរីនាំឱ្យមានប្រយោជន៍ផ្នែកពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
លោក ស៊ាង ថៃ បានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០យ៉ាងដូច្នេះ «ការពិភាក្សាហ្នឹងបានវាយតម្លៃថា បើយើងធ្វើពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ យើងនឹងមានផលចំណេញទៅវិញទៅមក ព្រោះប្រទេសនីមួយៗមានសក្តានុពលរៀងៗខ្លួន ភាពខ្លាំងរៀងខ្លួន។ បើយើងធ្វើពាណិជ្ជកម្មសេរីជាមួយគ្នាភាពខ្លាំងរៀងខ្លួនហ្នឹងអាចបំពេញឱ្យគ្នាទៅវិញទៅមក។ អ៊ីចឹងហើយភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បានឱ្យដឹងដែរថា ក្រុមការងារនៃប្រទេសទាំងពីរបានដាក់សំណើសុំបើកការចរចាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះទៅកាន់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីររួចរាល់ហើយ។ លោកអ្នកនាំពាក្យ បានគូសបញ្ជាក់ថា បើមានការបើកភ្លៀងខៀវពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរហើយនោះ កិច្ចចរចាអាចនឹងចាប់ផ្តើមនៅខែកក្កដា។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅថា FTA គឺជាការកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេស និងប្រទេសដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងនេះ គឺនឹងសម្រួលជាមួយរបាំងពន្ធអាករ ការកំណត់ចំនួនទំនិញ ដែលគេអាចយល់បានថា ជាការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬ ក្នុងអត្ថន័យរួមបញ្ចូលសេដ្ឋកិច្ចតែមួយ។
លោក ស៊ាង ថៃ បានគូសបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មសេរីនេះមិនត្រឹមតែការព្រមព្រៀងត្រឹមការលើកលែងរបាំងពន្ធអាករនោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានកើនឡើងជាលំដាប់ជាពិសេសនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង មានជិត ៩លានដុល្លារអាមេរិក កើនឡើងជាង ១៤ភាគរយបើធៀបនឹងឆ្នាំ២០១៨។
ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជាទៅកូរ៉េខាងត្បូងរួមមាន៖ អាវយឺត សម្លៀកបំពាក់បុរស គ្រឿងអេឡិចត្រូនិក ស្បែកជើង វ៉ាលី កម្ទេចអាលុមមីញ៉ូម ភេសជ្ជៈ សម្ភារៈពេទ្យ (ចេសវះកាត់) តង់ និងកៅស៊ូធម្មជាតិ។ ដោយឡែកទំនិញនាំចូលពីកូរ៉េខាងត្បូងមកវិញរួមមាន៖ រថយន្តដឹកទំនិញ
ក្រណាត់ចាក់ ទឹករ៉ែធម្មជាតិ ភួយ គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ (ប៊ុលដូហ្សែ) បន្ទះឬសន្លឹកនីកែល ស្បែកពីសត្វចៀមកែច្នៃរួច ក្រណាត់ជ្រលក់ពណ៌ និងផលិតផលថែរក្សាសម្រស់។
លោក ស៊ាង ថៃ បានបង្ហាញក្តីរំពឹងថា តាមរយៈការធ្វើពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង នឹងជួយពង្រឹងទំនាក់ទំនង និងពង្រីកទំហំពាណិជ្ជកម្មប្រទេសទាំងពីរបន្ថែមទៀត ព្រមទាំងបង្កើតឱកាសការងារក្នុងស្រុក ការនាំចេញសេវា និងពង្រីកវិនិយោគបន្ថែម ដែលនឹងចូលរួមសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ដើម្បីជំរុញការធ្វើពិពិធកម្មពាណិជ្ជកម្ម និងសេដ្ឋកិច្ច កម្ពុជាបានបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗជាច្រើនក្នុងការពង្រីកពាណិជ្ជកម្មជាមួយប្រទេសជាមិត្ត។ ការធ្វើពាណិជ្ជកម្មសេរីជាយុទ្ធសាស្ត្រមួយដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រឹងប្រែងធ្វើជាមួយប្រទេសជាមិត្តនាពេលបច្ចុប្បន្ននេះ។
ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារចំនួន៨ ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ចិន ចក្រភពអង់គ្លេស សាធារណរដ្ឋកូរ៉េ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ា (EAEU) អាមេរិក ជប៉ុន ម៉ុងហ្គោលី និងឥណ្ឌា។
បច្ចុប្បន្នកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន បានបិទបញ្ចប់ហើយ ហើយបានដាក់ឯកសារទាំងឡាយជូនថ្នាក់ដឹកនាំប្រទេសទាំងពីរពិនិត្យ និងសម្រេច។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ត្រូវបានរំពឹងថា អាចនឹងឈានទៅចុះហត្ថលេខានៅចុងឆ្នាំ២០២០៕