(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងប្រសិទ្ធភាព និងសមត្ថភាពការងារ តាមក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ក្នុងនាមជាមាតាទី២ ប្រកបដោយការសណ្តោសប្រណី និងត្រូវចងចាំថា «សម្តីពេទ្យគឺជាឱសថ រីឯអាកប្បកិរិយារបស់ពេទ្យ គឺបម្រើឱ្យការទាក់ទាញ»។
លោកអភិបាលខេត្តបានស្នើបែបនេះ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់។ ពិធីនេះ ក៏មានការចូលរួមពីក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សា និងគណៈអភិបាលក្រុងស្រុក ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលខេត្តពោធិ៍សាត់ សរុប១០០រូប។
លោក ម៉ៅ ធនិន បានថ្លែងបន្ថែមថា ក្នុងនាមតំណាងឱ្យរដ្ឋបាលខេត្ត សូមថ្លែងនូវការសាទរចំពោះការដាក់ឱ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងគាំទ្រពេញទំហឹងចំពោះការ ផ្ទេរធនធានហិរញ្ញវត្ថុ ធនធានមនុស្ស និងរចនាសម្ព័ន្ធរបស់មន្ទីរសុខាភិបាលខេត្ត ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលជាការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពោលជាការផ្ទេរសិទ្ធអំណាច និងការទទួលខុសត្រូវរបស់ក្រសួងសុខាភិបាល មករដ្ឋបាលខេត្ត ដែលជាការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសការបង្ខិតសេវាសុខាភិបាលឱ្យកាន់តែជិត ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងការចូលរួមគាំពារសុខមាលភាពប្រជាជនដល់មូលដ្ឋាន។
លោកអភិបាលខេត្តបន្តថា ការរៀបចំពិធីប្រកាសផ្សព្វផ្សាយនេះ មានគោលបំណងផ្សព្វផ្សាយ និងផ្តល់ការណែនាំ អំពីគោលការណ៍សំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត រួមទាំងប្រធានមន្ទីរ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល នៃរដ្ឋបាលខេត្ត អំពីការចាប់ផ្តើមជាផ្លូវការនូវការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ស្របតាមគោលការណ៍បែបបទ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលខេត្ត។
ផ្អែកលើប្រព័ន្ធគ្រប់គ្រងថ្មីនេះ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត នឹងក្លាយទៅជាអ្នកទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីលទ្ធផលនៃការបំពេញការងារពាក់ព័ន្ធ នឹងការផ្តល់សេវាសុខាភិបាលនានា ដែលបានប្រគល់ឱ្យ គឺផ្អែកលើគោលនយោបាយ ផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល ហើយប្រធានមន្ទីរសុខាភិបាលត្រូវមានគណនេយ្យភាព និងមានការទទួលខុសត្រូវចំពោះក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការគ្រប់គ្រង ការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានត្រួតពិនិត្យ លើការផ្តល់សេវាសុខាភិបាល ដែលបានប្រគល់ទៅឱ្យរដ្ឋបាលខេត្ត។
លោក ម៉ៅ ធនិន បានស្នើដល់ថ្នាក់ដឹកនាំសុខាភិបាលខេត្តគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្ត្រីបុគ្គិលិកសុខាភិបាលទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការព្យាបាលអ្នកជំងឺ និងត្រូវមានក្រមសីលធម៌ លក្ខណ:សម្បត្តិ ក្នុងការបំពេញការងារព្យាបាល ជូនប្រជាពលរដ្ឋឱ្យបានល្អ ដោយចាត់ទុកខ្លួនជាមាតាទី២ ព្រមទាំងបន្តចូលរួមដឹកនាំការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ និងរាល់វិធានការចាំបាច់នានាផ្សេងទៀត ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅធានាឱ្យបាននូវសុខុមាលភាពសាធារណៈ និងបញ្ជៀសបាននូវហានិភ័យនៃរលកទី២ នៃការចម្លងមេរោគកូវីដ-១៩ នៅតាមសហគមន៍៕