(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា ការទទួលបានអគាររដ្ឋបាល និងសាលប្រជុំនៅស្រុកមុខកំពូល ស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងអគាររដ្ឋបាលឃុំចំនួន១០ផ្សេងទៀត បានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងមហាផ្ទៃ ក្នុងការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងរដ្ឋបាលថ្នាក់ មូលដ្ឋានឲ្យមានអគារធ្វើការសមរម្យ ឆ្លើយតបនឹងរចនាសម្ព័ន្ធថ្មីដែលទើបបានធ្វើសមារណកម្ម ដើម្បីធានាបានក្នុងការបំរើសេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

លោកអភិបាលខេត្តកណ្ដាល បានថ្លែងបែបនេះនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងពិធីប្រគល់ទទួលអគាររដ្ឋបាល អគារសាលប្រជុំនៃស្រុកចំនួន៣ និងអគារដ្ឋបាលឃុំចំនួន១០ ក្នុងខេត្តកណ្ដាល ដោយមានការចូលរួមពីលោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងលោក-លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងក្រសួងមហាផ្ទៃ អភិបាលរងខេត្ត អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការផ្ដល់សេវារដ្ឋបាលខេត្តកណ្ដាលបច្ចុប្បន្ននេះ បាននិងកំពុងខិតខំយ៉ាងខ្លាំងក្នុងការកែប្រែឥរិយាបថជាវិជ្ជមាន របស់មន្ត្រីពីអ្នកគ្រប់គ្រង ឱ្យទៅជាអ្នកផ្ដល់ និងបម្រើសេវានានាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ប្រកាន់ខ្ជាប់ និងឥរិយាបថទាំងបួនរបស់មន្ត្រីរាជការគឺ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវារដ្ឋបាលសាធារណៈធ្វើយ៉ាងណារួមសាមគ្គីភាពគ្នាឲ្យសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ កសាងនិងអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចំរើនគ្រប់វិស័យ កាត់បន្ថយភាពក្រីក្រ។

ថ្លែងក្នុងពិធីនេះដែរ លោក ប្រាក់ សំអឿន បានបញ្ជាក់ថា ការប្រគល់ទទួលអគារ នៅពេលនេះគឺបានបញ្ជាក់ថា ការដ្ឋានសាងសង់របស់យើងបានបញ្ចប់ហើយ គឺរដ្ឋបាលស្រុក-ឃុំ អាចចូលបម្រើការងារជាបណ្ដោះអាសន្ន ចំពោះការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនឹងប្រព្រឹត្តទៅនាពេលការដ្ឋានសាងសង់ទាំងអស់ នៃគម្រោងបានបញ្ចប់ជាស្ថាពរ ក្រោមអធិបតីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមជម្រាបថា អគាររដ្ឋបាលថ្មីដែលបានប្រារព្វពិធីប្រគល់ទទួលនាថ្ងៃនេះ គឺមានស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម ដោយស្រុកនីមួយៗ ទទួលបាន អាគារដ្ឋបាលមួយខ្នង និងអគារសាលប្រជុំមួយខ្នង និងអាគាររដ្ឋបាលឃុំចំនួន១០ទៀតរួមមាន ស្រុកខ្សាច់កណ្ដាល ទទួលបាន១ឃុំ គឺឃុំស្វាយរមៀត ,ស្រុកមុខកំពូល ទទួលបាន១ឃុំ គឺឃុំព្រែកអញ្ចាញ, ស្រុកល្វាឯមទទួលបាន៤ឃុំ គឺឃុំកោះរះ ឃុំកោះកែវ ឃុំបឹងគ្រំ និងឃុំសំបួរ, ស្រុកកៀនស្វាយ ទទួលបាន១ឃុំ គឺឃុំភូមិធំ, ស្រុកកោះធំ ទទួលបាន២ឃុំ គឺឃុំកោះធំ(ខ) និងឃុំព្រែកថ្មី, ស្រុកលើកដែក ទទួលបាន១ឃុំ គឺឃុំក្អមសំណរ។

គម្រោងសាងសង់អគាររដ្ឋបាលទាំងនេះ គឺជាគម្រោងដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈក្រសួងមហាផ្ទៃ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីសម្តេច ក្រឡាហោម ស ខេង ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រសួងមហាផ្ទៃ ពិសេសលោកប្រធានគម្រោង បានជួយសម្របសម្រួល និងគៀងគរធនធាន ពីធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការគាំទ្រគម្រោងសាងសង់អាគាររដ្ឋបាលឃុំ រដ្ឋបាលស្រុក សាលប្រជុំ ដល់ឃុំ ស្រុក ក្នុងខេត្តកណ្តាល ជំហានទី១ ជំហានទី២ តាំងពីឆ្នាំ២០១៩ រហូតចប់រួចរាល់់ជាស្ថាពរ ធ្វើឱ្យរដ្ឋបាលខេត្តកណ្តាលទទួលបានអគាររដ្ឋបាល ឃុំ ស្រុក និងសាលប្រជុំ តាមស្តង់ដារក្រសួង មហាផ្ទៃ រហូតបានប្រារព្វពិធីប្រគល់ទទួលនាពេលនេះ៕