(ភ្នំពេញ)៖ លោក MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅកម្ពុជា បានសំដែងការអបអរសារទរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព។
ការលើកឡើងបែបនេះ របស់ឯកអគ្គរាជជប៉ុនរូបនេះ ធ្វើឡើងក្នុងឱកាសរូបលោកត្រូវបាន លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នៅធនាគារជាតិនៃកម្ពុជា។
ក្នុងឱកាសជួបសំណេះសំណាលនេះ លោក ជា ចាន់តូ បានជម្រាបជូនពី ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលទទួលរងផលប៉ះពាល់ពី ការរីករាលដាលការឆ្លងជំងឺកូវីដ១៩ និងពីវិធានការដែលរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញ ដើម្បីកាត់បន្ថយផលប៉ះពាល់មកលើវិស័យនានា និងប្រជាជនដែលងាយរងគ្រោះ។
ឯកអគ្គរាជទូតជប៉ុនបានសំដែង ការអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រង ការរីករាលដាលការឆ្លងជំងឺកូវីដ១៩នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព។ លោកបានបង្ហាញពី ការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលជប៉ុន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ ការបន្តផ្តល់ជំនួយ ក៏ដូចជាការបង្កើនការវិនិយោគ របស់ជប៉ុនដែលក្នុងនោះរួមមាន៖ ការវិនិយោគនៅក្នុងវិស័យធនាគារ តាមរយៈវត្តមាន របស់ធនាគារជប៉ុន និងការរួមចំណែកជាភាគទុនិក ក្នុងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា។
លោកឯកអគ្គរាជទូតជប៉ុន ក៏បានពាំនាំនូវការពេញចិត្ត របស់វិនិយោគិនជប៉ុន ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា ដែលបានអនុវត្តកន្លងមក សំដៅរក្សាជំនឿទុកចិត្តដល់វិនិយោគិន និងអនុគ្រោះដល់អាជីវកម្មដែលរងផលប៉ះពាល់។
លោក ជា ចាន់តូ ក៏បានជម្រាបជូនបន្ថែមពី ប្រវត្តិរូបិយវត្ថុកម្ពុជា និងកិច្ចសហប្រតិបត្តិការ រវាងជប៉ុន-កម្ពុជា ដែលមានតាំងពីយូរលង់ណាស់មកហើយ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សនៅកម្ពុជា។
លោកបានបន្ថែមថា ដោយឡែកបន្ថែមលើការអភិវឌ្ឍធនធានមនុស្ស នៅធនាគារជាតិនៃកម្ពុជា តាមរយៈអាហារូបករណ៍ជារៀងរាល់ឆ្នាំ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏បានជួយសិក្សាពីការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា តាំងពីឆ្នាំ២០១៣ មកផងដែរ៕