(ភ្នំពេញ)៖ ពិតជារឿងមួយដែលគួរឱ្យអាសូរពន់ពេក ដែលគ្មានអ្នកណាម្នាក់អាចទទួលយកបានភ្លាមៗនោះទេ ដោយស្ត្រីម្នាក់បានជួបទុក្ខធំរកធ្វីប្រៀបផ្ទឹមពុំបាននោះឡើយ ខណៈទទួលបានដំណឹងថា ប្តីបានជួបគ្រោះថ្នាក់ចរាចរណ៍ពីយប់នៅខេត្ត មិនទាន់បានមួយថ្ងៃស្រួលបួលផង ស្រាប់តែទទួលបានតំណឹងពីនគរបាលមួយទៀតថា កូនប្រុសជាទីស្រលាញ់ដែលធ្វើកម្មករលីសែង ស្នាក់នៅ ក្រុមហ៊ុនប៉ាងលួង ត្រូវបានកញ្ចក់គៀបស្លាប់នៅខណ្ឌច្បារអំពៅ។
លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឱ្យដឹងថា ហេតុការណ៍កញ្ចក់គៀបមនុស្សស្លាប់នេះកើតឡើងកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ជនរងគ្រោះមានឈ្មោះ ម៉ៅ ឈិនឡុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករលីសែងស្នាក់នៅក្រុមហ៊ុនប៉ាងលួង សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិខ្នា ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ជនសង្ស័យឈ្មោះ សៅ ខេន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅផ្ទះជួល ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។
លោក ម៉ៅ សឿត បានឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានរៀបចំលើកញ្ចក់ចំនួន១៥០ផ្ទាំង ស្មើទម្ងន់៤តោន ដាក់លើរថយន្តម៉ាក Hyundia ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-7218 រុំក្រណាត់កៅស៊ូ រួចយកខ្សែចងកញ្ចក់ជាមួយជើងជម្រតែពុំចងខ្សែជាប់រថយន្តទេ ហើយក៏បើករថយន្តទៅយកជនរងគ្រោះ និងកម្មករ០៤នាក់ទៀត នៅមុខវត្តនិរោធ ពេលទៅដល់ជនរងគ្រោះ និងកម្មករក៏នាំគ្នាឡើងជិះរថយន្តផ្នែកខាងក្រោយ។
សង្ស័យក៏បើករថយន្តដឹកកញ្ចក់ទៅឲ្យដេប៉ូពេជ្រទិព្វនៅម្តុំ សង្កាត់ច្បារអំពៅ១ ពេលមកដល់ចំណុចកើតហេតុក៏មានម៉ូតូ០១គ្រឿង បើកកាត់ពីមុខរថយន្តពេលនោះជន សង្ស័យក៏ជាន់ហ្វ្រាំងបណ្តាល ឲ្យជើងទម្រដាក់កញ្ចក់រអិលទៅគៀបជនរងគ្រោះជាប់ជាមួយទ្រុងរថយន្តស្លាប់ភ្លាមៗ ទោះបីកម្លាំងនគរបាលខំហៅរថយន្តសង្រ្គោះមនី្ទរ ពេទ្យបង្អែកច្បារអំពៅមក តែអកុសលជនរងគ្រោះ បានស្លាប់ទៅហើយ ក៏បានទំនាក់ទៅការិយាល័យបច្ចេកទេសកោសល្យវ័ច្ឆ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញត្រួតពិនិត្យសព។
ដោយសារករណីខាងលើ មិនមែនករណីគ្រោះថ្នាក់ចរាចរណ៍ ជាករណីព្រហ្មទណ្ឌដោយបុរសបើកបរធ្វើប្រហែសមិនមានការប្រុងប្រយ័ត្ន ដឹកសម្ភារកញ្ចក់ទម្ងន់ជិត៨តោន នគរបាលក៏ឃាត់ខ្លួន ជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់។
លោក ម៉ៅ សឿត បានបន្តថា សពក្រោយពីកោសល្យវិច្ឆ័យរួច បានប្រគល់ឱ្យក្រុមគ្រួសាយដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។ ជនសង្ស័យឈ្មោះ សៅ ខេន ត្រូវបានបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ពីបទមនុស្សឃាត់ដោយអចេតនា៕