(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ប្រើកម្លាំងចម្រុះជាង១៥០នាក់ និងគ្រឿងចក្រ៥គ្រឿង ទៅឈូសឆាយ និងវាយកម្ទេចសំណង់របងថ្ម និងឃ្លាំងមួយចំនួនក្នុងគោលបំណងរកឲ្យឃើញអ្នករស់នៅពុំស្របច្បាប់មានប៉ុន្មាន និងអ្នករស់នៅស្របច្បាប់មានប៉ុន្មាន ដើម្បីឈានទៅបញ្ចប់ទំនាស់ជាយូរឆ្នាំ ក្នុងការបែងចែកជាដីឡូត៌ ជូនប្រជាពលរដ្ឋរងគ្រោះចំនួន៦៥គ្រួសារ។
ប្រតិបត្តិការេនះដឹកនាំដោយលោកអភិបាលរងខណ្ឌ ប្រាជ្ញ សីហា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ស្ថិតនៅតំបន់អភិវឌ្ឍន៌ឫស្សីកែវ ក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ប្រាជ្ញ សីហា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខណ្ឌឬស្សីកែវ លោក ហាស់ កំសាន្ត ថា «សកម្មភាពវាយកម្ទេចសំណង់របងថ្ម និងឃ្លាំងមួយចំនួននាព្រឹកនេះ ក្នុងគោលបំណងរុះរើសំណង់មិនរៀបរយចេញទាំងអស់ ហើយចាប់ផ្ដើមពុះជាដីឡូត៌ទៅតាមប្លង់គោលដែលមានតាមការកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី សម្រាប់បែងចែកឲ្យបងប្អូនប្រជាពលរដ្ឋ៦៥គ្រួសារ ដែលទទួលបានការសណ្ដោសប្រណីពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
ជាមួយគ្នានេះ លោកអភិបាលរងខណ្ឌ ប្រាជ្ញ សីហា បានសំណូមពរដល់សាធារណៈមតិមួយចំនួន កុំមានការយល់ច្រឡំថា អាជ្ញាធរមកវាយកម្ទេចសំណង់របងថ្ម ឫសំណង់ឃ្លាំងនេះ គឺជាការបំពាន ព្រោះការពិតដីរបង និងឃ្លាំងមួយចំនួនធំបានសាងសង់លើតំបន់អភិវឌ្ឍន៌ឫស្សីកែវ ដែលឈ្មួញទិញលក់ៗតៗគ្នា និងមួយចំនួនទៀត ក៏មានការចូលរស់នៅត្រឹមត្រូវ ដោយមានការទទួលស្គាល់ ពីអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី និងរដ្ឋបាលរាជធានីភ្នំពេញ ហើយមួយចំនួនធំផ្សេងទៀត បានចូលរស់នៅដោយខុសច្បាប់។
ដូច្នេះដើម្បីឲ្យដឹងច្បាស់ថា អ្នករស់នៅខុសច្បាប់មានចំនួនប៉ុន្មាន? ហើយអ្នករស់នៅស្របច្បាប់មានចំនួនប៉ុន្មាន? ទាល់តែសម្រេចរំលាយសំណង់របង និងឃ្លាំងចោលទាំងអស់ ដើម្បីដាក់ម៉ាស៉ីន កំណត់វាស់វែង ទាំងផ្លូវ និងបែងចែកជាដីឡូត៌ដែលមានទំហំ ១០ម៉ែត្រ គុណ៣០ម៉ែត្រ ទៅតាមប្លង់មេ ដោយប្រើប្រាស់គ្រឿងចក្រចំនួន៥គ្រឿង និងកម្លាំងគណៈបញ្ជាការឯកភាពចម្រុះ ចំនួនជាង១៥០នាក់ (មន្ត្រីការិយាល័យជុំនាញ-ប៉ូលីស-អាវុធហត្ថ-ប្រជាការពារ)៕