(ព្រៃវែង)៖ លោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំគណៈកម្មាការ និងសហការី ព្រមទាំងក្រុមប្រតិបត្តិសាខាយុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត បានប្រារព្ធពិធីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគម្រប់៨៤ យាងចូល៨៥ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា នៅក្នុងវត្តសុវណ្ណរស្សី នៅសង្កាត់ កំពង់លាវ ក្រុងព្រៃវែង។
ក្នុងឱកាសនោះ លោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខា និងសហការី នៃសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ទាំងអស់សូមលើកហត្ថប្រណម្យបួងសួង ព្រះរតនត្រ័យកែវទាំងបី គុណបុណ្យវត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោក ជាពិសេសសូមទេព្តារក្សាព្រះមហាស្វេតឆ័ត្រ បារមីព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមឫទី្ធតេជៈ បារមីខ្លាំងក្លាទាំងអស់ ជាពិសេសបារមី ព្រះវិញ្ញាណក្ខន្ធ អតីតព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជប្រទាន ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការមានព្រះរាជ សុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជារាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គទូទាំងប្រទេសយូរអង្វែងរៀងដរាបតទៅ។
បន្ទាប់ពីបានប្រារព្វពិធីសូត្រមន្ត ចម្រើនព្រះបរិត្តទៅតាមទំនៀមទំលាប់ប្រពៃណីរួចមក លោកជា សុមេធីប្រធានគណៈកម្មាធិការ និងសហការី បានប្រគេនទេយ្យទានដល់ព្រះមេគណខេត្ត និងព្រះចៅអធិការវត្តគ្រប់វត្ត ក្នុងក្រុងព្រៃវែង ចំនួន ៩អង្គ ក្នុង ១អង្គ រួមមាន៖ អង្ករ ៥០គ.ក មី ១កេស ត្រីខ ១យួរ ទឹកបរិសុទ្ធ ១កេស ភេសជ្ជៈ ១កេស បច្ច័យចំនួន ១០០,០០០រៀល និងបច្ច័យកសាងវត្តចំនួន ២០០,០០០រៀល៕