(តាកែវ)៖ ក្នុងឱកាសដ៏បវរមហាប្រសើរ នៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មគំរប់ខួប ៨៤ព្រះវស្សា យាងចូល៨៥ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រារព្ធនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ដែលនឹងឈានមកនាពេលខាងមុខនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅក្នុងបរិវេណវត្តសីហរតនារាម ក្រុងដូនកែវ ខេត្តតាកែវ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះលោក អ៊ូច ភា ប្រធានសាខាកាកបាទក្រហមខេត្តតាកែវ បានលើកឡើងពីសកម្មភាពជាច្រើនរបស់សម្ដេចព្រះមហាក្សត្រីយព្រះវិររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលព្រះអង្គបានឧបត្ថម្ភព្រះរាជទ្រព្យ និងប្រោសប្រទានព្រះរាជអំណោយដល់ប្រជានុរាស្រ្តជាកូន ចៅ ចៅទូតនៅក្នុងព្រះរាជណាចក្រកម្ពុជា ជាពិសេសព្រះអង្គជួយគាំទ្រយ៉ាងពេញទំហឹង ចំពោះកាកបាទក្រហមកម្ពុជាជាពិសេសព្រះរាជគម្រូមនុស្សធម៌ ដែលក្លាយជាត្រីវិស័យចង្អុលផ្លូវសម្រាប់ការបំពេញ ភារកិច្ចរបស់មន្រ្តីកាកបាទក្រហមនៅទូទាំងប្រទេស។
លោកប្រធានសាខាកាកបាទក្រហមខេត្តតាកែវ បានថ្វាយព្រះពរព្រមទាំងបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យបារមីថែរក្សាព្រះមហាស្វេតឆ័ត្រ និងវត្ថុសក្តិសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ជាកិច្ចបញ្ចប់នៅក្នុងពិធីប្រារព្វបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហម ខេត្តតាកែវ ក៏បានរៀបចំរាប់បាត្រព្រះសង្ឃចំនួន១៧អង្គ ដែលនិមន្តមកពី១៧វត្ត នៅក្នុងក្រុងដូនកែវខេត្តតាកែវ និងចែកអំណោយជូនយាយជីតាជីចំនួន២០នាក់ផងដែរ៕